ពេលនិយាយគ្នាឬពិភាក្សាគ្នា យើងគួរដោះវ៉ែនតាចេញ; វាជាការផ្ដល់នូវសេចក្ដីគោរពចំពោះអ្នកដទៃ ក៏ដូចការផ្ដល់នូវសេចក្ដីគោរពចំពោះខ្លួនឯងដែរ។
ពេលនិយាយគ្នាឬពិភាក្សាគ្នា យើងគួរដោះវ៉ែនតាចេញ
វាជាការផ្ដល់នូវសេចក្ដីគោរពចំពោះអ្នកដទៃ ក៏ដូចការផ្ដល់នូវសេចក្ដីគោរពចំពោះខ្លួនឯងដែរ។
ព្រឹកនេះ ខ្ញុំបានស្ដាប់លោកគ្រូរបស់ខ្ញុំមានប្រសាសន៍អំពី “ការគិត” ហើយខ្ញុំក៏នឹកភ្នកចង់សរសេរអត្ថបទនេះឡើង ។
មនុស្សយើងសម័យបច្ចុប្បន្ននេះ ពាក់វ៉ែនតាសឹងតែគ្រប់គ្នា ។ ពាក្យថា “វ៉ែនតា” នេះ ជាពាក្យដែលយើងខ្ចីពីភាសាសៀមយកមកប្រើទេ; ពាក្យខ្មែរយើងពីបុរាណគឺ “ស្នងភ្នែក” ។ ពាក្យខ្មែរយើងពីរោះទេតើ! តែក្នុងអត្ថបទនេះ ខ្ញុំនៅបន្តប្រើពាក្យថា “វ៉ែនតា” នេះសិន ខ្លាចក្រែងយើងនៅមិនទាន់ថ្នឹកនឹងពាក្យខ្មែរនេះ ។
អ្នកខ្លះពាក់វ៉ែនតាក៏ព្រោះមានបញ្ហាសុខភាពភ្នែក, គេពាក់វ៉ែនតាដើម្បីឱ្យភ្នែកមើលឃើញច្បាស់ ឬដើម្បីព្យាបាលបញ្ហាភ្នែក; អ្នកខ្លះពាក់វ៉ែនតាដើម្បីការពារភ្នែកពីគ្រោះថ្នាក់; ហើយអ្នកខ្លះទៀតពាក់វែនតាដើម្បីបង្កើនភាពទាក់ទាញផ្នែកសម្រស់ដ៏ផូរផង់លើផ្ទៃមុខរបស់គេ ឬពាក់ដើម្បីគ្រាន់តែចង់បង្ហាញពីសារដែលបង្កប់អត្ថន័យអ្វីម្យ៉ាងដែលគេចង់បង្ហាញ ។ ជាធម្មតា ខ្ញុំមិនពាក់វ៉ែនតាទេ ។ ភ្នែករបស់ខ្ញុំហាក់នៅមានសុខភាពល្អ ។ វាប្រែជារកាំ ព្រិលៗ យូរៗម្ដងប៉ុណ្ណោះ ហើយវាក៏តែងតែត្រលប់មកសភាពធម្មតាវិញ ។ ខ្ញុំមិនពាក់វ៉ែនតាស្រាប់ហើយ ហើយខ្ញុំក៏ពុំមានបំណងថានឹងគិតពាក់វ៉ែនតាដើម្បីបង្កើនភាពទាក់ទាញ ឬបង្ហាញពីសារលាក់បាំងអ្វីឡើយ។
រឿងពាក់វ៉ែនតានេះប្រហែលជាយើងគ្រប់គ្នាអាចយល់បានហើយ ប៉ុន្តែវ៉ែនតាដែលខ្ញុំចង់និយាយនោះ វាមិនមែនជាវ៉ែនតាដែលយើងគ្រប់គ្នាមើលឃើញនៅនឹងមុខមនុស្សនោះទេ ។ វាជា “វ៉ែនតាទិដ្ឋិ” ពោលគឺ សេចក្ដីប្រកាន់តាមអំណាចនៃការយល់ឃើញ ។ រឿងវ៉ែនតានៃការប្រកាន់តាមការយល់ឃើញនេះ វាមាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ។ លោកអ្នកវិភាគភូមិសាស្ត្រនយោបាយជនជាតិខ្មែរយើងមួយរូបក៏ធ្លាប់លើកឡើងផងដែរអំពីរឿងនេះ ។ អ្នកខ្លះពាក់វ៉ែនតាសម័យសង្គ្រាមត្រជាក់ ដើម្បីវិភាគភូមិសាស្ត្រនយោបាយសម័យបច្ចុប្បន្ន; អ្នកខ្លះពាក់វ៉ែនតាសម័យសន្តិភាព ដើម្បីមើលស្ថានភាពសង្គមសម័យសង្គ្រាម, ឬពាក់វ៉ែនតាសម័យសង្គ្រាម ដើម្បីមើលស្ថានភាពសង្គមសម័យសន្តិភាព ជាដើម ។ ពេលខ្លះមនុស្សចាស់ពាក់វ៉ែនតារបស់គាត់ ហើយទៅកាត់សេចក្ដីលើការយល់ឃើញឬសកម្មភាពរបស់ក្មេងៗ; ពេលខ្លះក្មេងៗក៏ពាក់វ៉ែនតារបស់គេ ហើយទៅវិនិច្ឆ័យលើគំនិតឬការប្រព្រឹត្តរបស់មនុស្សចាស់ដែរ ។ មនុស្សម្នាក់ៗប្រកាន់តាមតែការយល់ឃើញរៀងៗខ្លួន ហាក់មិនបានបើកចិត្តដើម្បីស្ដាប់ មើល សង្កេត ពិនិត្យ សិក្សាអំពីការពិតសោះ ។ វាដូចជាថា យើងនឹងនិយាយឬពិភាក្សាគ្នាអំពីពណ៌នៃវត្ថុអ្វីមួយ តែយើងម្នាក់ៗបែរជាពាក់វ៉ែនតាដែលមានកញ្ចក់ពណ៌ផ្សេងៗគ្នា ហើយប្រកាន់រៀងៗខ្លួននូវពណ៌នៃវត្ថុដែលយើងបានមើលឃើញតាមរយៈកញ្ចក់វ៉ែនតានោះ ។ ម្នាក់ៗពុំព្រមដោះវ៉ែនតានោះចេញទេ ហើយគិតតែខំប្រកែកគ្នាតាមការមើលឃើញរៀងៗខ្លួន ។ ហេតុអ្វីក៏មិនដោះវ៉ែនតាដែលមានពណ៌នោះចេញទៅ? ព្រោះការពិតវានៅត្រង់ការណ៍ដែលបានដោះវ៉េនតាដែលមានពណ៌នោះចេញទេតើ, ការពិតវាមិននៅនឹងការឈ្លោះប្រកែកគ្នាដោយការប្រកាន់តាមអំណាចនៃការយល់ឃើញរបស់យើងតាមរយៈវ៉ែនតាដែលមានពណ៌នោះឯណា ។ មនុស្សយើងម្នាក់ៗដែលនៅមានសេចក្ដីប្រកាន់ហើយ សុទ្ធតែរស់នៅក្នុងលោកនៃគំនិតតែរៀងៗខ្លួនហ្នឹងឯង ។
ដូចនេះ នៅពេលដែលយើងនិយាយឬពិភាក្សាគ្នា យើងគួរដោះវ៉ែនតាចេញសិន ។ វាជាការផ្ដល់នូវសេចក្ដីគោរពចំពោះអ្នកដទៃ ក៏ដូចការផ្ដល់នូវសេចក្ដីគោរពចំពោះខ្លួនឯងដែរ ។ កុំវង្វេងក្នុងគំនិតរបស់ខ្លួនឯងខ្លាំងពេក! ដោះវ៉ែនតាចចេញសិន ហើយពិនិត្យមើលការពិតទាំងអស់គ្នា ។
រាជធានីភ្នំពេញ ថ្ងៃទ២១ ខែមីនា ឆ្នាំ២០២៦ ម៉ោង ៩:៤៤ នាទីព្រឹក
* ពាក្យ «ទិដ្ឋិ» នេះ មានអត្ថន័យជ្រាលជ្រៅ តែក្នុងអត្ថបទនេះ ខ្ញុំសំដៅត្រឹមតែសេចក្ដីប្រកាន់តាមអំណាចនៃការយល់ឃើញនូវរឿងទូទៅក្នុងជីវិតរស់នៅប្រចាំថ្ងៃសាមញ្ញធម្មតាប៉ុណ្ណោះ ។
* សរសេរអត្ថបទនេះចប់ ខ្ញុំក៏ស្រាប់តែនឹកឃើញដល់វីដេអូមួយដែលប្អូនស្រីម្នាក់និយាយរៀបរាប់ពីអ៊ំអ្នកហែកសំបុត្រផ្ញើម៉ូតូនៅសាលារបស់នាង ។ អ៊ំប្រុសនោះបានស្ដីឲ្យនាថា ក្មេងៗសម័យឥលូវមិនចេះគោរពចាស់ទុំទេ; និយាយជាមួយមនុស្សចាស់ពាក់វ៉ែនតា មិនដោះវ៉ែនតាចេញ… ។