សប្ដាហ៍មុន ខ្ញុំបានមើលវីដេអូក្នុងបណ្ដាញសង្គម TikTok ហើយវីដេអូនោះនិយាយអំពីប្រធានបទដ៏គួរឲ្យអស់សំណើចមួយ គឺ «ការថយក្រោយមួយជំហាន» ។ ម្ចាស់វីដេអូន...
យើងគ្រប់គ្នាសុទ្ធតែធ្លាប់បានឮមកហើយនូវពាក្យថា «ថយក្រោយម្នាក់មួយជំហាន» ។ ការថយក្រោយម្នាក់មួយជំហាននេះ វាបានបន្ធូរបន្ថយស្ថានការណ៍តានតឹង ឬក៏ថាវាអាចដោះស្រាយបញ្ហាបានជាច្រើន ។ វាជារឿងដ៏ល្អខ្លាំងណាស់ ប្រសិនបើមនុស្សយើងម្នាក់ៗអាចយកពាក្យនេះមកអនុវត្តបានក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃ ។ ប៉ុន្តែ តើការថយក្រោយម្នាក់មួយជំហាននេះ វាពិតជារឿងដែលងាយធ្វើមែនទេ? រឿងដែលថាងាយស្រួលឬលំបាកនោះ វាអាស្រ័យលើខ្លួនយើងម្នាក់ៗ ។ វាជាការពិតណាស់ ប្រសិនបើមនុស្សយើងម្នាក់ៗចេះថយក្រោយម្នាក់មួយជំហាន បញ្ហាក្នុងជីវិតរបស់យើងម្នាក់ៗនឹងអាចត្រូវបានដោះស្រាយបានយ៉ាងច្រើន ។ យើងគួរចេះថយក្រោយម្នាក់មួយជំហាន! ក៏ប៉ុន្តែ បើថាយើងម្នាក់ៗនៅមានមានះខ្លាំងរឿងៗខ្លួន ចូរយើងសាកល្បងថយក្រោយត្រឹមតែ «កន្លះជំហាន» លមើល ។ ខ្ញុំគិតថា មនុស្សយើងម្នាក់ៗត្រូវរៀនឲ្យចេះ «ថយក្រោយ»; បើមិនបាន «មួយជំហាន» ម្នាក់ ត្រឹមតែ «កន្លះជំហាន» ម្នាក់ វាក៏អាចគ្រប់គ្រាន់ហើយ ក្នុងការសម្របសម្រួលស្ថានការណ៍ ឬដោះស្រាយបញ្ហាទាំងស្រុងដែលកើតមានឡើងក្នុងជីវិតរស់នៅប្រចាំថ្ងៃ ។ តែថា បើអ្នកដទៃមិនថយ យើងក៏គួរសាកល្បងថយបន្តិចទៅ! វាមិនចាំបាច់ថា ទាន់តែអ្នកដទៃថយ ទើបយើងថយដែរនោះទេ ។ យើងគួររៀនលះបង់នូវមានះ សេចក្ដីប្រកាន់ខ្លួននេះ និងរៀនធ្វើជាគំរូល្អសម្រាប់អ្នកដទៃ ដោយការចាប់ផ្ដើមថយក្រោយមួយជំហាន ឬត្រឹមតែកន្លះជំហានប៉ុណ្ណោះ ។ ការផ្ដើមថយក្រោយនេះ វាមិនបានបង្ហាញថា យើងជាមនុស្សអន់ឬជាមនុស្សទន់ខ្សាយនោះទេ ។ ផ្ទុយទៅវិញ វាបានបង្ហាញនូវភាពជាគំរូដ៏ល្អសម្រាប់អ្នកដទៃ ក៏ដូចជាបង្ហាញនូវតម្លៃផ្ទាល់ខ្លួនរបស់យើងក្នុងនាមជាមនុស្សដែលមានសមានចិត្តចំពោះអ្នកដទៃ ។ យើងនឹងក្លាយទៅជាមនុស្សដ៏អស្ចារ្យ ប្រសិនបើយើងហ៊ានចាប់ផ្ដើមថយក្រោយមុនអ្នកដទៃ ។ រៀនចេះថយក្រោយបន្តិច ជីវិតរបស់យើងនឹងកាន់តែមានភាពងាយស្រួល មានទំនាក់ទំនងល្អ និងកាន់តែទទួលបានសុភមង្គលច្រើនឡើង ។
រាជធានីភ្នំពេញ ៤ មីនា ២០២៦ ម៉ោង ៧:០២ នាទី ល្ងាច