មួយរយៈចុងក្រោយនេះ ខ្ញុំមិនសូវបានយកកំណត់ហេតុរបស់ខ្ញុំមកចុះផ្សាយនៅទីនេះទេ ព្រោះកំណតហេតុភាគច្រើនហាក់មានភាពផ្ទាល់ខ្លួ...
មួយរយៈចុងក្រោយនេះ ខ្ញុំមិនសូវបានយកកំណត់ហេតុរបស់ខ្ញុំមកចុះផ្សាយនៅទីនេះទេ ព្រោះកំណតហេតុភាគច្រើនហាក់មានភាពផ្ទាល់ខ្លួនខ្លាំងពេក ។ អត្ថបទដែលខ្ញុំបានយកមកចុះផ្យាយភាគច្រើនជាអត្ថបទដែលនិយាយពីសៀវភៅដែលខ្ញុំបានអាន និងអត្ថបទដ៏តិចតួចខ្លះទៀតរៀបរាប់អំពីការបូកសរុបការងារផ្ទាល់ខ្លួនដែលខ្ញុំបានធ្វើ (ចុះផ្សាយយូរ ៗ ម្ដង) ។
រយៈពេលប្រហែលមួយសប្ដាហ៍កន្លងទៅនេះ ខ្ញុំបានចំណាយពេលយ៉ាងច្រើនលើសលប់ដើម្បីត្រឡប់មករៀបចំការងារ Passion Project របស់ខ្ញុំឡើងវិញ ។ ថ្ងៃនេះ ខ្ញុំរវល់ជាប់ជាមួយការងាររៀបចំឡើងវិញនូវកំណត់ត្រាសៀវភៅដែលខ្ញុំបានអាន ។ ខ្ញុំធ្លាប់បានរៀបចំកំណត់ត្រានេះជាច្រើនលើកច្រើនសា មានដូចជាចុះផ្សាយជាអត្ថបទដោយមានភ្ជាប់ស្លាកអត្ថបទ និងកត់ត្រាដោយប្រើប្រាស់កម្មវិធីផ្សេង ៗ ជាដើម ។ ឥឡូវនេះ ការងាររៀបចំបានចប់សព្វគ្រប់ហើយ! ខ្ញុំរីករាយនឹងចែករំលែកបញ្ជីសៀវភៅដែលខ្ញុំបានអាននាពេលកន្លងមក និងបញ្ជីសៀវភៅដែលខ្ញុំចូលចិត្ត ទុកជាការណែនាំដ៏មានប្រយោជន៍ជូនមិត្តអ្នកអានទាំងអស់គ្នា។
នៅទីនេះ មិត្តអ្នកអានអាចរកមើលអត្ថបទអំពីសៀវភៅដែលខ្ញុំបានអានទាំងអស់ ដោយចូលទៅកាន់ ទំព័រស្វែករក ដោយជ្រើសរើសយកស្លាកអត្ថបទថ្មីរបស់ខ្ញុំគឺ bookworm ។ អត្ថបទដែលខ្ញុំសរសេរបែបវែង ៗ សុទ្ធសឹងតែជាអត្ថបទសម្រាប់សៀវភៅដែលខ្ញុំ ចូលចិត្ត និង ចូលចិត្តខ្លាំង ។ នាពេលដើមឆ្នាំ ២០២៥ នេះ ខ្ញុំបានបន្ថែមស្លាកអត្ថបទពីរទៀតគឺ 4-star book និង 5-star book ។ ជាពិសេសទៅទៀតនោះ មិត្តអ្នកអានក៏អាចរកមើលក្នុងបញ្ជីសៀវភៅដែលខ្ញុំទើបតែរៀបចំរួចផងដែរ (4-star book និង 5-star book) ។ ខ្ញុំបានផ្ទុកទិន្នន័យដែលមានលក្ខណៈពាក់កណ្ដាលស្វ័យប្រវត្តិ ធ្វើឲ្យវាងាយស្រួលសម្រាប់រកមើល ហើយខ្ញុំក៏អាចធ្វើបច្ចុប្បន្នភាពវាជានិច្ចសម្រាប់មិត្តអ្នកអានដែរ ។ នៅក្នុងបញ្ជីនេះ មានសៀវភៅខ្លះ ខ្ញុំដាក់កំណត់ចំណាំថា «ខ្ញុំអានជាច្រើនដង» និង «5-star + 1» ជាដើម ជាសៀវភៅដែលខ្ញុំចង់ណែនាំជាខ្លាំងសម្រាប់មិត្តអ្នកអានទាំងអស់គ្នា ។
៦ វិច្ឆិកា ២០២៥
COMMENTS