ខ្ញុំមានបំណងសរសេររៀបរាប់ពីសៀវភៅដែលខ្ញុំបានអានចប់ក្នុងរយៈពេលពីរខែចុងក្រោយនេះ តាំងពីព្រឹកមិញម៉្លេះ; តែដោយសារខ្ញុំជាប់រវល់កែកូដកម្មវិធី ខ្ញុំក៏...
ផ្អាករឿងកម្មវិធីនិងបញ្ជីសៀវភៅនេះត្រឹមហ្នឹងសិនចុះ ។ ឥលូវ ខ្ញុំនឹងរៀបរាប់បន្តអំពីសៀវភៅដែលខ្ញុំបានអានចប់ក្នុងរយៈពេលពីខែចុងក្រោយនេះ ។ តាមពិត ខ្ញុំចង់បូកសរុបការងារអានសៀវភៅតាំងពីខែមុន ពោលគឺចង់បូកសរុបម្ដងមួយខែវិញ ។ ប៉ុន្តែដោយសារខ្ញុំមានកិច្ចការងាររវល់ច្រើន ហើយខ្ញុំក៏គិតឃើញថា កាលពីដើមឆ្នាំនោះ ខ្ញុំក៏បូកសរុបការងារអានសៀវភៅនេះពីរខែបញ្ចូលគ្នាដែរ ខ្ញុំក៏សម្រេចចិត្តពន្យារពេលរៀបចំការងារនេះ ដោយទុកបូកសរុបរួមពីរខែតែម្ដងទៅ ។ ក្នុងរយៈពេលពីរខែកន្លងមកនេះ សៀវភៅដែលខ្ញុំបានអានចប់មានចំនួន ១៣ ក្បាល; ក្នុងនោះខែមីនាមានចំនួន ១០ ក្បាល និងខែមេសានេះមានចំនួន ៣ ក្បាល ។
សៀវភៅដែលខ្ញុំបានអានចប់ក្នុងខែមីនា៖
- សៀវភៅ «សេកសោមសារិកា» (លី សុវីរ)
- សៀវភៅ «តុច្ឆោ បោដ្ឋិលៈ» (អាចារ្យ ឆា) [5-star book]
- សៀវភៅ «You Can Be Happy No Matter What: Five Principles for Keeping Life in Perspective» (Richard Carlson) [5-star-plus-1 book]
- សៀវភៅ «វេយ្យាករណ៍សុភមង្គល» (ហ៊ុន គឹមស៊ា)
- សៀវភៅ «ជំនួយសតិ ភាគ១» (ប៊ុត សាវង្ស)
- សៀវភៅ «ជំនួយសតិ ភាគ២» (ប៊ុត សាវង្ស)
- សៀវភៅ «ផ្ទះកណ្ដាលបឹង» (ម៉ានិត)
- សៀវភៅ «ជំនួយសតិ ភាគ៣» (ប៊ុត សាវង្ស)
- សៀវភៅ «The Courage to Be Happy: Discover the Power of Positive Psychology and Choose Happiness Every Day» (Ichiro Kishimi) [5-star book]
- សៀវភៅ «ជំនួយសតិ ភាគ៤» (ប៊ុត សាវង្ស)
- សៀវភៅ «វិញ្ញាសាជីវិត» (សែត ហត្ថា - កូនចាបមាស) [5-star book]
- សៀវភៅ «ជំនួយសតិ ភាគ៥» (ប៊ុត សាវង្ស)
- សៀវភៅ «តើយើងគួររស់នៅយ៉ាងដូចម្ដេច?» (ឈុន សំណាង) [5-star book]
ក្នុងខែមេសា ខ្ញុំមិនសូវបានអានសៀវភៅនោះទេ ហើយខ្ញុំក៏មិនសូវបានអនុវត្តតាមកាលវិភាគដែលបានកំណត់ដោយខ្ជាប់ខ្ជួនដែរ ។ ខែមេសានេះ ខ្ញុំបានចំណាយពេលយ៉ាងច្រើនលើសលប់លើការងាររៀបចំកម្មវិធី (ដែលខ្ញុំបានរៀបរាប់ខ្លះមកហើយពីខាងដើម) ។ ខ្ញុំបានផ្ដោតការយកចិត្តទុកដាក់ខ្លាំងលើការងារនេះ ។ ខ្ញុំបានយកពេលវេលាសម្រាប់អានសៀវភៅនិងពេលវេលាសម្រាប់ការងារផ្សេងៗទៀត ទៅធ្វើការងារនេះ ដោយមិនសូវបានខ្វាយខ្វល់ពីការងារដទៃក្រៅពីការងារនេះឡើយ ។ បើនិយាយឲ្យពិបានស្ដាប់បន្តិចទៅ គឺថា ខ្ញុំបានជ្រមុជក្បាលធ្វើកិច្ចការងារនេះយ៉ាងគំហុក ។ ខ្ញុំមិនខ្វល់ពីអ្វីទាំងអស់ សូម្បីតែការសម្រាកលម្ហែ ឬចូលប្រើប្រាស់បណ្ដាញសង្គមញឹកញាប់ដូចពីមុន ។ រយៈពេលមួយខែចុងក្រោយនេះ ខ្ញុំបានចំណាយកម្លាំងកាយចិត្តច្រើនដើម្បីធ្វើកិច្ចការនេះ ។ ខ្ញុំឆ្លៀតពេលបន្តិចបន្តួចប៉ុណ្ណោះដើម្បីអានសៀវភៅ ឬសម្រាកលម្ហែកាយ ។
ខ្ញុំនឹងបន្តរៀបរាប់បន្តិចទៀតអំពីសៀវភៅដែលខ្ញុំបានអាន ។ ខ្ញុំនឹងរៀបរាប់តែសៀវភៅខ្លះប៉ុណ្ណោះ ពុំបានរៀបរាប់គ្រប់ចំណងជើងសៀវភៅដែលខ្ញុំបានអាននោះទេ ។ ជាដំបូង សៀវភៅ «តុច្ឆោ បោដ្ឋិលៈ», ជាធម្មទេសនារបស់អាចារ្យ ឆា ។ សៀវភៅនេះជាសៀវភៅដែលខ្ញុំបានវាយអត្ថបទឡើងវិញ តាមការស្នើសុំពីអតីតភិក្ខុបរទេសមួយរូបកាលពីឆ្នាំ ២០១៩ ។ អ្នកទាំងអស់គ្នាអាចទាញយកសៀវភៅនេះបានតាមរយៈគេហទំព័រ WAT MARP JAN ឬ គេហទំព័រ ៥០០០ ឆ្នាំ ឬក៏ អត្ថបទមុន ដែលខ្ញុំបានចុះផ្សាយរួចមកហើយ ។ កាលវាយអត្ថបទឡើងវិញនៅឆ្នាំ ២០១៩ នោះ ខ្ញុំពុំសូវបានចាប់អារម្មណ៍លើខ្លឹមសារនៃសៀវភៅនេះប៉ុន្មានទេ ។ លុះត្រលប់មកអានសៀវភៅនេះឡើងវិញ ទើបខ្ញុំចាប់អារម្មណ៍ឃើញថា សៀវភៅនេះមានអត្ថសេចក្ដីល្អគួរអានខ្លាំងណាស់ ។ ក្រោយពីអានចប់ ខ្ញុំមានបំណងចង់រៀបចំសៀវភៅនេះឡើងវិញម្ដងទៀត ដ្បិតខ្ញុំពិនិត្យឃើញថា អត្ថបទដែលខ្ញុំវាយឡើងវិញនោះ មានភ្លាត់ខុសអក្ខរាវិរុទ្ធដោយអន្លើៗដែរ ។ ខ្ញុំមានបំណងចង់រៀបចំឡើងវិញនូវសៀវភៅទាំងពីរក្បាលដែលខ្ញុំបានវាយអត្ថបទឡើងវិញកាលពីឆ្នាំ ២០១៩ នោះ ។ ខ្ញុំនឹងរៀបចំពេលវេលាធ្វើការងារនេះក្នុងពេលខាងមុខ ។ សៀវភៅ «You Can Be Happy No Matter What: Five Principles for Keeping Life in Perspective» របស់លោក Richard Carlson, ជាសៀវភៅដ៏ល្អមួយក្បាល ដែលខ្ញុំអាចនិយាយបានថាជាសៀវភៅដែលល្អលើសសៀវភៅណាៗទាំងអស់ដែលខ្ញុំបានអាន ។ ភាគច្រើន ពេលអានសៀវភៅជាភាសាអស់គ្លេស ខ្ញុំពុំសូវចំណាយពេលដើម្បីយល់គ្រប់ពាក្យនោះទេ ។ ក្នុងឃ្លាប្រយោគខ្លះដែលមានពាក្យដែលខ្ញុំមិនចេះ ខ្ញុំគ្រាន់តែកាត់ស្មានអត្ថន័យ (កាត់យល់ន័យតាមពាក្យក្នុងឃ្លាប្រយោគនោះ) ដោយមិនចំណាយពេលរកមើលពាក្យក្នុងវចនានុក្រមឡើយ ។ តែពេលអានសៀវភៅនេះវិញ ចំពោះពាក្យណាដែលខ្ញុំមិនចេះ ខ្ញុំព្យាយាមរកមើលគ្រប់ពាក្យទាំងនោះពីក្នុងវចនានុក្រម ។ រាល់ពាក្យដែលខ្ញុំមិនចេះ គ្មានពាក្យណាមួយដែលខ្ញុំអានរំលងឬអានបង្ហួសដោយមិនបានរកមើលអត្ថន័យពីក្នុងវចនានុក្រមឡើយ ។ ខ្ញុំយល់ឃើញថា គ្មានពាក្យណាមួយក្នុងសៀវភៅនេះដែលឥតមានប្រយោជន៍ឡើង ។ ខ្ញុំចង់និយាយថា ក្នុងសៀវភៅនេះគឺសុទ្ធតែជាខ្លឹមសារគ្រប់ពាក្យគ្រប់ម៉ាត់ទាំងអស់ ហើយគ្មានពាក្យណាមួយដែលលោក Richard Carlson សរសេរមកដោយគ្រាន់តែសម្រាប់បន្ថែមរបោយឲ្យល្អមើល ឬឲ្យគ្រាន់តែដើម្បីណែងណងពីរោះស្ដាប់ ហើយគ្មានអត្ថន័យឬគ្មានប្រយោជន៍នោះទេ; គឺថា គ្រប់ពាក្យសុទ្ធតែមានអត្ថន័យនិងមានប្រយោជន៍ទាំងអស់ ។ និយាយជារួម គ្មានពាក្យណាមួយដែលអ្នកអានត្រូវរំលង មិនអាននោះទេ ។ វាអាចស្ដាប់ទៅដូចជាការនិយាយពន្លើស ឬជារឿងមិនគួរឲ្យជឿ; តែវាគឺជាការពិត ហើយវាក៏ជាអារម្មណ៍ពិតដែលខ្ញុំចង់បង្ហាញក្រោយពីខ្ញុំបានអានសៀវភៅនេះ ។ ខ្ញុំបានចំណាយពេលជិតដប់មួយម៉ោងដើម្បីអានសៀវភៅនេះ ។ ក្រោយពីបានអានសៀវភៅនេះចប់ ខ្ញុំមានបំណងចង់បកប្រែសៀវភៅនេះមកជាភាសាខ្មែរ ព្រោះខ្ញុំជាប់ចិត្តយ៉ាងខ្លាំងលើខ្លឹមសារក្នុងសៀវភៅនេះ ។ ខ្ញុំនឹងពិចារណាបន្ថែមទៀតលើកិច្ចការងារបកប្រែសៀវភៅនេះមកជាភាសាខ្មែរ ។ ឥលូវ ខ្ញុំកំពុងអានសៀវភៅរបស់លោក Richard Carlson មួយក្បាលទៀត; សៀវភៅនេះមានចំណងជើងថា «Shortcut through Therapy: Ten Principles of Growth-Oriented, Contented Living» ។ សៀវភៅនេះមានខ្លឹមសារប្រហាក់ប្រហែលគ្នានឹងសៀវភៅ «You Can Be Happy No Matter What: Five Principles for Keeping Life in Perspective» នេះដែរ ។ បន្តទៀត សៀវភៅ «The Courage to Be Happy: Discover the Power of Positive Psychology and Choose Happiness Every Day» របស់ Ichiro Kishimi ដែលជាសៀវភៅបន្តពីសៀវភៅ «The Courage to Be Dislike: How to Feel Yourself, Change Your Life and Achieve Happiness» ដែលខ្ញុំបានអានចប់កាលពីខែមករា ។ វាមិនសូវខុសគ្មាពីអ្វីដែលខ្ញុំបានរៀបរាប់ក្នុងអត្ថបទមុនទេ គឺថា ខ្ញុំពុំសូវជក់ចិត្តប៉ុន្មានទេ ព្រោះវាហាក់នៅតែពិបាកអានដូចសៀវភៅមុនដែរ; ប៉ុន្តែចុងក្រោយ ខ្ញុំនៅតែដាក់បញ្ចូលសៀវភៅនេះទៅក្នុងបញ្ជីសៀវភៅ ៥ផ្កាយ [5-star book] ដដែល ។ ខ្ញុំអានដោយជក់ចិត្តជាខ្លាំងក្នុងផ្នែកចុងក្រោយនៃសៀវភៅនេះ ហើយផ្នែកចុងក្រោយនេះហើយដែលធ្វើឲ្យខ្ញុំសម្រេចចិត្តដាក់បញ្ចូលសៀវភៅនេះក្នុងបញ្ជីសៀវភៅ ៥ផ្កាយ [5-star book] ។ បន្តទៀត សៀវភៅ «ជំនួយសតិ» ជាសៀវភៅរបស់លោកគ្រូធម្មាចារ្យ អគ្គបណ្ឌិត ប៊ុត សាវង្ស ។ ក្នុងរយៈពេលពីរខែនេះ ខ្ញុំអានចប់បានចំនួន ៥ ភាគ ។ ខ្ញុំមានបំណងចង់អានសៀវភៅ «ជំនួយសតិ» នេះ ជាយូរមកហើយ តែទើបតែអាចរៀបចំពេលវេលាអានសៀវភៅនេះបាននៅក្នុងខែមីនា និងបន្តអានដល់ខែមេសានេះទៀត ។ កាលពីដើមឆ្នាំ ២០២៦ នេះ ខ្ញុំបានរៀបចំពេលវេលាអានគម្ពីរព្រះត្រៃបិដក ដែលខ្ញុំមានបំណងចង់ចាប់ផ្ដើមអានពីរ-បីឆ្នាំមកហើយ ។ ទើបតែក្នុងឆ្នាំ ២០២៦ នេះ ខ្ញុំបានចាប់ផ្ដើមអានគម្ពីរព្រះត្រៃបិដកតាមបំណងដែលខ្ញុំប៉ងមកនោះ ។ ខ្ញុំបានចាប់ផ្ដើមអានគម្ពីរព្រះត្រៃបិដក (ព្រះត្រៃបិដក ប្រែរួមនឹងព្រះអដ្ឋកថា) ដោយផ្ដើមពីភាគ៩ (បាលីប្រែ ១៤-១៥) ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ នេះមក ។ ខ្ញុំអានចប់បានមួយព្រះសូត្រខាងដើម ហើយមកទល់នឹងថ្ងៃទី ១០ ខែមីនា ខ្ញុំបន្តអានផ្នែកខាងដើមនៃព្រះអដ្ឋកថាបន្តិចទៀត ហើយខ្ញុំក៏សម្រេចចិត្តផ្អាកអានព្រះត្រៃបិដក ប្រែរួមនឹងព្រះអដ្ឋកថា នេះសិន ដោយបែរមកអានសៀវភៅ «ជំនួយសតិ» ជំនួសវិញ ។ សៀវភៅ «ជំនួយសតិ ភាគ១» ខ្លឹមសារខាងក្នុងសុទ្ធតែជាមាតិកាធម៌ក្នុងព្រះអភិធម្ម (តិកមាតិកា ទាំង ២២, រៀបរាប់អំពី ធម្មា មានច្រើនមាតិការធម៌) អមដោយអត្ថបទអំពីសតិប្បដ្ឋានបដិបត្តិក្នុងជីវិតប្រចាំថ្ងៃខ្លីៗ ដែលមានអត្ថសេចក្ដីដ៏ជ្រាលជ្រៅ ។ សៀវភៅ «ជំនួយសតិ ភាគ២» នៅតែមានខ្លឹមសារច្រើនក្នុងព្រះអភិធម្មដដែល (មានសេចក្ដីពន្យល់ច្រើនជាងក្នុងភាគ ១) រួមនឹងអត្ថបទអំពីសតិប្បដ្ឋានបដិបត្តិក្នុងជីវិតប្រចាំថ្ងៃវែងៗជាងមុនបន្តិច ហើយមានបន្ថែមព្រះសូត្រខ្លះៗ ។ សៀវភៅ «ជំនួយសតិ ភាគ៣» មានខ្លឹមសារធម៌ក្នុងព្រះអភិធម្ម និងមានរៀបរាប់អំពី «ធម្មា» ជាបន្ត (មានច្រើនមាតិកាធម៌) អមដោយអត្ថបទអំពីសតិប្បដ្ឋានបដិបត្តិក្នុងជីវិតប្រចាំថ្ងៃខ្លីៗ និងព្រះសូត្រខ្លះផង ។ ក្នុងសៀវភៅ «ជំនួយសតិ ភាគ៣» នេះ លោកគ្រូអគ្គបណ្ឌិត ក៏បានលើកឡើងបកស្រាយខ្លះៗដែរអំពីបុគ្គលខ្លះដែលបានពោលថា លោកគ្រូអគ្គបណ្ឌិតសម្ដែងធម៌មិនឲ្យគេធ្វើសមថកម្មដ្ឋាន មិនឲ្យធ្វើសមាធិភាវនា ឬដើរចង្ក្រម ជាដើម ។ សៀវភៅ «ជំនួយសតិ ភាគ៤» មានខ្លឹមសារធម៌ក្នុងព្រះអភិធម្មដដែល (អំពី «ហេតុ បច្ច័យ» ក្នុងគម្ពីរបដ្ឋាន និងមានរៀបរាប់ច្រើនក្នុង «បញ្ហាវារៈ») ព្រមទាំងអត្ថបទអំពីសតិប្បដ្ឋានបដិបត្តិក្នុងជីវិតប្រចាំថ្ងៃ អត្ថបទធម៌ខ្លីៗ និងមានព្រះសូត្រខ្លះផង ។ ក្នុងសៀវភៅ «ជំនួយសតិ ភាគ៤» នេះ លោកគ្រូអគ្គបណ្ឌិតក៏បានរៀបរាប់បន្ថែមទៀតអំពី «សមាធិ» និងបញ្ហាដូចដែលបានលើកឡើងក្នុងសៀវភៅ «ជំនួយសតិ ភាគ៣» ។ សៀវភៅ «ជំនួយសតិ ភាគ៥» នៅតែមានខ្លឹមសារច្រើនក្នុងព្រះអភិធម្មដដែល តែមិនច្រើនដូចមុនពេកទេ, រៀបរាប់ពីព្រះសូត្រផ្សេងៗ និងអត្ថបទអំពីសតិប្បដ្ឋានបដិបត្តិក្នុងជីវិតប្រចាំថ្ងៃ អត្ថបទធម៌ខ្លីៗ, ហើយចុងក្រោយជាកំណាព្យព្រះធម៌ ។ សៀវភៅ «ជំនួយសតិ ភាគ៥» នេះ ជាសៀវភៅដែលខ្ញុំធ្លាប់បានយកមកអានកាលនៅក្មេង ជាពិសេសត្រង់អត្ថបទកំណាព្យព្រះធម៌ ។ សៀវភៅដែលខ្ញុំយកមកអានក្នុងកាលនោះ ជាសៀវភៅធម្មទានក្នុងឱកាសដែលលោកគ្រូអគ្គបណ្ឌិតអញ្ជើញទៅសម្ដែងធម៌នៅឯវត្តស្រុកកំណើតខ្ញុំ ។ ខ្ញុំឧស្សាហ៍យកសៀវភៅនេះមកអានកម្សាន្តត្រង់កំណាព្យព្រះធម៌ជារឿយៗ ។ ក្នុងពេលអានសៀវភៅជំនួយសតិក្នុងពេលពីរខែមកនេះ ខ្ញុំក៏នឹករឭកដល់ពេលវេលាកាលនៅពីក្មេង ដែលខ្ញុំតែងតែឮជារៀងរាល់ព្រឹកនិងរៀងរាល់ល្ងាចនូវការផ្សាយព្រះធម៌របស់លោកគ្រូអគ្គបណ្ឌិតតាមរយៈវិទ្យុ ។ ខ្ញុំតែងតែឮថា «…ព្រះធម៌អប់រំចិត្ត…» តែរាល់ពេលដែលខ្ញុំស្ដាប់ ខ្ញុំមិនយល់អ្វីសោះ; ឮតែចិត្ត ចេតសិក អនត្តា ជាដើម ។ រម្លឹកដល់ពេលនោះ ខ្ញុំចេះតែឆ្ងល់ថា ព្រះធម៌អប់រំចិត្តយ៉ាងម៉េច? បើស្ដាប់ហើយមិនយល់អ្វីបន្តិចផង តើធម៌ដែលចាក់ផ្សាយនោះអប់រំចិត្តដូចម្ដេច? តើខ្លឹមសារធម៌ក្នុងព្រះអភិធម្មនោះអាចអប់រំចិត្តយ៉ាងដូចម្ដេច? ខ្ញុំឮតែរាប់ឈ្មោះចិត្ត ចេតសិក រូប ជាដើម ។ ទាន់តែមកដល់ពេលនេះ ខ្ញុំបានមានឧបនិស្ស័យ ចូលមកសិក្សានូវព្រះធម៌ខ្លះៗ ទើបខ្ញុំយល់ថា ពាក្យថា «ព្រះធម៌អប់រំចិត្ត» ដែលខ្ញុំបានស្ដាប់ឮកាលពីក្មេងនោះពិតជាធម៌ដែលអាចអប់រំចិត្តបានប្រាកដមែន ។ សៀវភៅ «ជំនួយសតិ» នេះ ផ្ដើមបោះពុម្ពភាគ ១ ជាលើកដំបូងក្នុង ពុទ្ធសករាជ ២៥៣៩ (គ.ស. ១៩៩៦) ក្នុងឆ្នាំសិក្សាទី៧ ដែលលោកគ្រូអគ្គបណ្ឌិតបានបង្ហាត់បង្រៀន ។ សៀវភៅនេះចាប់ពីភាគ ១ ដល់ភាគ ៤ ខ្ញុំឃើញមានបញ្ហាភ្លាត់ខុសអក្ខរាវិរុទ្ធដោយច្រើន ។ ចាប់ពីភាគ ៥ មក ខ្ញុំសង្កេតឃើញថា មានការពិនិត្យតែតម្រូវ មិនមានភ្លាំងភ្លាត់ដូចពីមុនទៀតទេ ។ សៀវភៅ «ជំនួយសតិ» នេះ មានច្រើនភាគ ហើយលោកគ្រូអគ្គណ្ឌិតបន្តរៀបចំមកជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន ។ ខ្ញុំនៅបន្តអានសៀវភៅ «ជំនួយសតិ» នេះ ជាបន្តទៀតជាប្រចាំតទៅ ។ រៀបរាប់បន្តទៅមុខទៀត សៀវភៅ «វិញ្ញាសាជីវិត» ជាសៀវភៅរបស់ អ្នកនិពន្ធកូនចាបមាស (សែត ហត្ថា) ។ សៀវភៅនេះជាសៀវភៅដែលខ្ញុំខ្ចីពីមិត្តរួមការងាររបស់ខ្ញុំនៅកន្លែងធ្វើការ ។ ខ្ញុំធ្លាប់ស្គាល់អ្នកនិពន្ធកូនចាបមាសពីមុនខ្លះមកដែរ ។ ខ្ញុំចាំថា ខ្ញុំធ្លាប់បានឆ្លងឆ្លើយសារជាមួយអ្នកនិព្ធកូនចាបមាស, ដែលពេលនោះគាត់បានសួរនាំខ្ញុំពីបញ្ហាកូដ Blogspot ។ តែក្រោយមក ខ្ញុំឃើញគាត់ប្រើប្រាស់ Wordpress ទៅវិញ ។ មុនពេលគាត់ចេញផ្សាយសៀវភៅនេះ ខ្ញុំក៏ធ្លាប់ឆ្លងឆ្លើយសារនឹងគាត់ខ្លះទៀតដែរថា ខ្ញុំគឺជាអ្នកគាំទ្រម្នាក់របស់គាត់ ។ តែដល់ពេលដែលគាត់ចេញផ្សាយសៀវភៅនេះ ខ្ញុំមិនបានទិញយកមកអានទេ ទើបតែក្នុងខែមេសានេះ ខ្ញុំបានឃើញសៀវភៅនេះជាថ្មីម្ដងទៀតនៅលើតុមិត្តរួមការងាររបស់ខ្ញុំ ហើយខ្ញុំក៏ខ្ចីពីគាត់យកមកអានតែម្ដងទៅ ។ ខ្ញុំមិនរៀបរាប់ច្រើនពីសៀវភៅនេះទេ តែខ្ញុំសូមណែនាំសៀវភៅនេះជូនអ្នកទាំងអស់គ្នាដើម្បីអាន ។ ខ្ញុំបានដាក់បញ្ចូលសៀវភៅនេះក្នុងបញ្ជីសៀវភៅ ៥ផ្កាយ [5-star book] ដែរ ។ សៀវភៅចុងក្រោយ គឺសៀវភៅ «តើយើងគួររស់នៅយ៉ាងដូចម្ដេច?» របស់អ្នកនិពន្ធ ឈុន សំណាង ។ ខ្ញុំបានទិញសៀវភៅនេះតាំងពីពាក់កណ្ដាលខែឧសភា ឆ្នាំ ២០២៥ ។ ខ្ញុំចាប់ផ្ដើមអានសៀវភៅនេះនៅចុងខែមករា ឆ្នាំ ២០២៦ នេះ ហើយទើបតែបញ្ចប់នៅចុងខែមេសានេះ ។ ខ្ញុំចំណាយពេលជិតម្ភៃពីរម៉ោងកន្លះដើម្បីអានសៀវភៅនេះ ។ សៀវភៅនេះគឺជាសៀវភៅដ៏ល្អមួយក្បាល គឺថា នៅតែល្អដូចសៀវភៅមុនៗរបស់អ្នកនិពន្ធ ឈុន សំណាង ដែលខ្ញុំបានអានដែរ ។ ខ្ញុំជាអ្នកគាំទ្រម្នាក់ ដែលតែងតែរង់ចាំអានសៀវភៅដែលអ្នកនិពន្ធ ឈុន សំណាង ចេញផ្សាយ ។ សៀវភៅនេះបានផ្ដល់ឲ្យខ្ញុំនូវចំណេះដឹងជាច្រើន ។ អានសៀវភៅនេះហើយ វាធ្វើឲ្យខ្ញុំនឹងឃើញដល់ការរៀបចំឯកសារគោលរបស់ខ្ញុំអំពី «ធម្មនុញ្ញជីវិត» ដែលខ្ញុំបានទុកចោលជាយូរមកហើយ ។ ឯកសារគោលអំពី «ធម្មនុញ្ញជីវិត» នេះ ខ្ញុំបានផ្ដួចផ្ដើមធ្វើតាំងពីឆ្នាំ ២០១៥ ។ តែមកទល់នឹងពេលនេះ វានៅមិនទាន់លេចជារូបរាងឡើងនៅឡើយទេ ។ ជាងដប់ឆ្នាំមកនេះ ការងារនេះពុំមានវឌ្ឍភាពអ្វីគួរឲ្យកត់សម្គាល់នោះឡើយ ។ ពេលបានអានសៀវភៅ «តើយើងគួររស់នៅយ៉ាងដូចម្ដេច?» នេះ ខ្ញុំក៏បានឃើញនូវខ្លឹមសារជាច្រើនដែលជាគំនិតសម្រាប់ដាក់បញ្ចូល និងបន្តរៀបចំឯកសារគោលអំពី «ធម្មនុញ្ញជីវិត» នេះ តទៅទៀត ។
ខ្ញុំគិតថា ខ្ញុំនឹងបញ្ចប់ការរៀបរាប់អំពីសៀវភៅដែលខ្ញុំបានអានក្នុងរយៈពេលពីរខែនេះត្រឹមតែប៉ុណ្ណេះហើយ ព្រោះថា ការរៀបរាប់មកក៏វែងឆ្ងាយណាស់ទៅហើយ ។ យប់មិញ ខ្ញុំសរសេរអត្ថបទនេះដល់ម៉ោងដប់កន្លះ ។ ដោយខ្ញុំគិតថានឹងមិនអាចសរសេរអត្ថបទនេះឲ្យចប់បានក្នុងវេលាយប់នោះទេ ខ្ញុំក៏ផ្អាកសរសេរសិន ហើយចូលសម្រាកទៅ ។ លុះដល់ព្រឹកនេះ ខ្ញុំក៏បន្តសរសេរទៀត ដោយចាប់ផ្ដើមកែសម្រួលខ្លឹមសារខ្លះៗដែលខ្ញុំបានសរសេរនាយប់នោះ និងបន្តសរសេរបញ្ចប់អត្ថបទនេះដែលនៅសេសសល់ ។ ក្នុងរយៈពេលពីរខែនេះ ខ្ញុំបានសម្រេចកិច្ចការងារជាច្រើន ទាំងការងារប្រចាំថ្ងៃ និងការងារជាកុសលនានាផ្សេងទៀត ។ ថ្ងៃនេះជាថ្ងៃវិសាខបូជា ខ្ញុំនឹងបន្តដំណើរទៅ និគ្រោធវ័ន នាពេលថ្ងៃត្រង់រហូតដល់ពេលយប់ទៀត ដើម្បីបានជាកិច្ចការងារចម្រើនបុណ្យកុសលបន្ថែមទៀត ។ ប៉ុណ្ណឹងសិនចុះ! ជួយគ្នាពេលក្រោយទៀត… ។
រាជធានីភ្នំពេញ ១ ឧសភា ២០២៦ វេលាម៉ោង ៨:៤២ នាទី ព្រឹក