ខ្ញុំធ្លាប់ឮមកថា ជីវិតនេះសាមញ្ញ ហើយងាយណាស់ ។ កាលរៀននៅសាកលវិទ្យាល័យ មានពេលមួយ លោកគ្រូបានសួរពួកយើងថា៖ «តើអ្វីជាបំណងប្រាថ្នាពិតប្រាកដសម្រាប់ជីវ...
កាលរៀននៅសាកលវិទ្យាល័យ មានពេលមួយ លោកគ្រូបានសួរពួកយើងថា៖ «តើអ្វីជាបំណងប្រាថ្នាពិតប្រាកដសម្រាប់ជីវិតមនុស្ស?» ពួកយើងខ្លះឆ្លើយថាទ្រព្យសម្បត្តិ ខ្លះថាកិត្តិយស ខ្លះទៀតថាអំណាច… គ្មានចម្លើយណាមួយដែលលោកចាត់ទុកថាត្រឹមត្រូវឡើយ ។ ចុងក្រោយ លោកគ្រូមានប្រសាសន៍យ៉ាងខ្លីថា៖ «បំណងប្រាថ្នាពិតប្រាកដតែមួយគត់សម្រាប់ជីវិតមនុស្សគឺ សុភមង្គល» ។
កាលនោះ ខ្ញុំប្រហែលមិនទាន់យល់ដឹងពីពាក្យថា «សុភមង្គល*» ប៉ុន្មានទេ ទើបខ្ញុំគិតក្នុងចិត្តថា លោកគ្រូមានប្រសាសន៍យកត្រូវតែខ្លួនឯងប៉ុណ្ណោះ ។ ខ្ញុំគិតថា «សុភមង្គល» ជាចម្លើយដែលសាមញ្ញ ហើយងាយស្រួលពេក ។ វាមិនគួរសាមញ្ញ ហើយងាយស្រួលដល់ម្ល៉េះទេ! ប៉ុន្តែឆ្លងកាត់បទពិសោធន៍នៃការរៀនសូត្រពីជីវិតដ៏តិចតួចរបស់ខ្ញុំអស់រយៈពេលជាងសាមសិបឆ្នាំមកនេះ ខ្ញុំក៏បែរជាមកយល់ថា លោកគ្រូរបស់ខ្ញុំមានប្រសាសន៍ត្រឹមត្រូវ ។
ខ្ញុំក៏ធ្លាប់ឮទៀតដែរអំពីការនិយាយអំពី «សុភមង្គល» បែបសាមញ្ញងាយៗ ។ ដូចជាគេនិយាយថា សុភមង្គល គឺនៅពេលដែលយើងអាចក្រោយពីដេកនៅពេលព្រលឹម ដោយមិនចាំបាច់កំណត់ម៉ោងរោទិ៍ ។ ខ្ញុំក៏ធ្លាប់និយាយពីវាក្នុងបែបងាយៗបែបនេះដែរ ។ ខ្ញុំធ្លាប់និយាយថា សេចក្ដីសុខ គឺនៅពេលដែលខ្ញុំទិញទំនិញដោយមិនចាំបាច់តថ្លៃ និងហូបអាហារនៅខាងក្រៅដោយមិនចាំបាច់ថែមគ្រឿង ។ តាមរូបភាពខាងក្រោមនេះ ខ្ញុំក៏អាចនឹងនិយាយបែបងាយៗទៀតថា សុភមង្គល គឺនៅពេលដែលខ្ញុំយកដៃស្ទាបក្បាលត្រងោលរបស់ខ្ញុំ ហើយខ្ញុំបានដឹងថា ក្បាលត្រងោលរបស់ខ្ញុំពិតជាគ្មានសក់ពិតមែន ។
បើយើងនិយាយពី «សុភមង្គល» តាមបែបសាមញ្ញយ៉ាងនេះ ទោះយើងនិយាយ១០០១យប់ទៀតក៏យើងមិនទាន់អស់ពាក្យនិយាយដែរ ។
ខ្ញុំយល់ថា ភាពសាមញ្ញនោះហើយ គឺជារឿងពិបាកបំផុតក្នុងការយល់ ។ វាពិបាកយល់ដល់ជម្រៅនៃភាពសាមញ្ញ និងអត្ថន័យពិតរបស់វា ។ តែនៅពេលដែលយើងឈប់ស្វែងរកចម្លើយដ៏ស្មុគស្មាញ ទើបយើងឃើញថា «សុភមង្គល» គឺនៅក្នុងភាពសាមញ្ញហ្នឹងឯង ។ ម្យ៉ាងវិញទៀត សេចក្ដីសុខរបស់មនុស្សម្នាក់ អាចមិនដូចគ្នានឹងមនុស្សម្នាក់ទៀតឡើយ ។ អ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្ត អាចគ្មានន័យអ្វីសម្រាប់អ្នកដទៃ ។ ហេតុនេះហើយ ទើបពាក្យថា «សុភមង្គល» វាសាមញ្ញ តែក៏គ្មានទីបញ្ចប់នៃការនិយាយអំពីវាដែរ ។
ទោះជាយ៉ាងណាក៏ដោយ អ្វីដែលសំខាន់បំផុត ប្រហែលជាមិនមែនជាការនិយាយអំពីសុភមង្គលនោះទេ តែវាជាការរស់នៅឲ្យមានសុភមង្គលនៅ «ទីនេះ» និង ក្នុងពេល «ឥលូវនេះ» ។ សុភមង្គលមិនមែនជាអ្វីដែលត្រូវរកនៅទីណាឆ្ងាយទេ ។ វាគឺជាវិធីដែលយើងមើលឃើញជីវិត ហើយនោះហើយជាមូលហេតុដែលវាសាមញ្ញ តែក៏ពិបាកបំផុតក្នុងការយល់ពិតប្រាកដ ។ ជីវិតគឺសាមញ្ញ ឯសុភមង្គលក៏នៅក្នុងភាពសាមញ្ញនោះដែរ; គ្រាន់តែយើងត្រូវឈប់រត់គេចពីភាពសាមញ្ញទើបឃើញវា ។ សុភមង្គលមិនមែននៅត្រង់ថាយើងមានអ្វីទេ វានៅត្រង់ថាយើងពេញចិត្តនឹងអ្វីដែលយើងមាន ។
---
* គួរអានបន្ថែមអំពីយូដាយម៉ូនៀ (Eudaimonia)
មិថុនា ២០២៦
