ខ្ញុំបានអានសៀវភៅនេះចប់តាំងពីចុងខែកក្កដាមកម៉្លេះ តែមិនទាន់បានសរសេររៀបរាប់ពីសៀវភៅនេះភ្លាម ៗ នោះទេ (នៅមានសៀវភៅពីរក្បាលផ្សេងទៀតក៏ខ្ញុំមិនទាន់បាន...
ខ្ញុំស្ទើតែភ្លេចទៅហើយថាខ្ញុំសម្រេចចិត្តអានសៀវភៅនេះដោយរបៀបណា ។ តាមពិត ខ្ញុំបានទិញសៀវភៅនេះជាយូរមកហើយ (២៧ វិច្ឆិកា ២០២១, កាលបរិច្ឆេទដែលខ្ញុំចុះពេលទិញសៀវភៅ) ។ ខ្ញុំប្រហែលជាបានឃើញសៀវភៅនេះតាមបណ្ដាញសង្គម ហើយបញ្ជាទិញសៀវភៅនេះតាមអនឡាញក៏មិនដឹង ។ នាចុងខែមីនានោះ ក្រោយពីអានសៀវភៅ «អារម្មណ៍ល្អ ជីវិតស្រស់ស្រាយ» ចប់ ខ្ញុំក៏រកមើលសៀវភៅចាស់ ៗ ដែលខ្ញុំបានទិញហើយតែមិនទាន់បានអាន ។ ខ្ញុំក៏យកសៀវភៅនេះមកអាននាពេលព្រលឹមនិងពេលយប់មុនចូលសម្រាក ជំនួសសៀវភៅ «អារម្មណ៍ល្អ ជីវិតស្រស់ស្រាយ» ដែលខ្ញុំទើបបានអានចប់ ។
សៀវភៅនេះជាសៀវភៅដែលប្រែសម្រួលចេញពីសៀវភៅដើមសរសេរជាភាសាបរទេស ។ សៀវភៅដើមជាភាសាអង់គ្លេស នោះមានចំណងជើងថា «Men Are From Mars And Women Are From Venus» និពន្ធដោយ John Gray, Ph.D. ។ ឯសៀវភៅដែលប្រែសម្រួលនេះ ជារបស់គ្រឹះស្ថានបោះពុម្ពផ្សាយ IDEA BOOK និងប្រែសម្រួលដោយលោក ប្រាជ្ញ សម្បត្តិ ។ គ្រឹះស្ថានបោះពុម្ពផ្សាយ Mind Books ក៏បានប្រែសម្រួលសៀវភៅនេះមកជាភាសាខ្មែរដែរ ដោយលោក គឹម ចាន់ណា ហើយដាក់ចំណងជើងថា «បុរសមកពីឋានព្រះអង្គារ នារីមកពីឋានព្រះសុក្រ» ។
ខ្ញុំធ្លាប់បានសរសេររៀបរាប់ខ្លះ ៗ មកហើយអំពីសៀវភៅរបស់គ្រឹះស្ថានបោះពុម្ពផ្សាយ IDEA BOOK ផ្សេងទៀតដែលខ្ញុំធ្លាប់បានអាន។ សម្រាប់សៀវភៅនេះ ខ្ញុំគិតថាគុណភាពនៃការបកប្រែនៅមានកម្រិត ហើយក៏មានកំហុសឆ្គងផ្នែកអក្ខរាវិរុទ្ធដោយអន្លើ ៗ ផងដែរ ។ ទោះបីជាការរៀបរៀងមកជាភាសាខ្មែរនេះនៅមិនទាន់បានល្អ ក៏ខ្ញុំចាត់ទុកថា សៀវភៅនេះជាសៀវភៅដ៏ល្អមួយក្បាលដែលអ្នកអានមិនគួរមើលរំលងឡើយ ។ ប្រិយមិត្តអាចជ្រើសរើសអានសៀវភៅរបស់គ្រឹះស្ថានបោះពុម្ពផ្សាយ IDEA BOOK នេះ ឬរបស់គ្រឹះស្ថានបោះពុម្ពផ្សាយ Mind Books ស្របតាមការចូលចិត្តរឿង ៗ ខ្លួនចុះ ។ ជារួម ខ្ញុំយល់ថា សៀវភៅនេះបានផ្ដល់នូវការយល់ដឹងច្រើនទាក់ទងនឹងចំណងស្នេហា និងភាពខុសគ្នារវាងការគិតរបស់មនុស្សប្រុសនិងរបស់មនុស្សស្រី ។ អ្នកនិពន្ធបានបើកបង្ហាញអំពីអាថ៌កំបាំងនៃផ្នត់គំនិតទាំងនោះ យ៉ាងពិស្ដារអមដោយសាច់រឿងជាក់ស្ដែងដែលអាចឲ្យអ្នកអានសិក្សាស្វែងយល់បានយ៉ាងងាយ ។ មិនត្រឹមតែប៉ុណ្ណោះទេ ការយល់ដឹងដែលបានមកពីសៀវភៅនេះ ក៏អាចយកមកអនុវត្តបានក្នុងចំណងទាក់ទងទូទៅជាមួយក្រុមគ្រួសារ មិត្តភក្ដិ ក្រុមការងារ និងមនុស្សទូទៅដែលយើងបានជួបប្រាស្រ័យទាក់ទង ។ សៀវភៅនេះគឺជាសៀវភៅមួយដ៏មានតម្លៃសម្រាប់អ្នកដែលចង់មានទំនាក់ទំនងស្នេហារឹងមាំយូរអង្វែង និងចង់មានទំនាក់ទំនងល្អជាមួយមនុស្សទូទៅ ។
ខ្ញុំសរសេររៀបរាប់ពីសៀវភៅនេះខ្លីប៉ុណ្ណឹងចុះ ។ មុននឹងបញ្ចប់ ខ្ញុំមានសៀវភៅខ្លះទៀតដែលខ្ញុំធ្លាប់បានអាន ដែលខ្ញុំគិតថាជាសៀវភៅដ៏ល្អសម្រាប់មិត្តអ្នកអានលើប្រធានបទដែលទាក់ទងនឹងស្នេហានិងការប្រាស្រ័យទាក់ទងនេះដែរ ។ សៀវភៅទាំងនោះរួមមាន សៀវភៅ «The 5 Love Languages: The Secret to Love that Lasts» របស់ Gray Chapman (ខ្ញុំមិនដឹងថាមានជាភាសាខ្មែរយើងឬអត់ទេ), សៀវភៅ «វិធីនិយាយទៅកាន់មនុស្សគ្រប់គ្នានៃគ្រប់ស្ថានការណ៍» សៀវភៅដើមនិពន្ធដោយ LEIE LOWNDES ប្រែសម្រួលជាភាសាខ្មែរដោយ រស់ សុខលៀង, និងសៀវភៅផ្សេង ៗ របស់ Thich Nhat Hanh ដែលនិយាយអំពី Mindfulness ដូចជា សៀវភៅ «How to Love» សៀវភៅ «True Love» និងសៀវភៅ «Anger» ជាដើម ។
ខ្ញុំបញ្ចប់អត្ថបទនេះត្រឹមនេះហើយ! ជួបគ្នាពេលក្រោយទៀត ។
៣ កញ្ញា ២០២៥

COMMENTS