ខ្ញុំយកសៀវភៅនេះមកអានកាលពីល្ងាចម្សិលមិញ។ ខ្ញុំអានសៀវភៅនេះចប់ទាំងអារម្មណ៍មិនជាប់កាយ។ មិនដឹងជាស្អី! រាល់លើកឲ្យតែថាអា...
ចុងឆ្នាំនេះ ខ្ញុំបានសម្រេចចិត្តហើយថា ខ្ញុំផ្អាកអានសៀវភៅសិន ដើម្បីយកពេលវេលារៀបចាំ Blog ថ្មីមួយទៀត។ ប្រាប់ត្រង់ទៅចុះ! បន្ទាប់ពីដំណាច់ឆ្នាំនេះទៅ ខ្ញុំគ្មានវត្តមាននៅ ទីនេះ ទៀតទេ។ ខ្ញុំកំពុងរៀបចំ Blog ថ្មីមួយទៀត ដោយលាក់ពីអត្តសញ្ញាណពិត បង្ហាញត្រឹមតែ នាមប៉ាកកា ប៉ុណ្ណោះ។
ដូចនិយាយមុននេះអ៊ីចឹងថា ខ្ញុំសម្រេចចិត្តផ្អាកអានសៀវភៅហើយសម្រាប់ឆ្នាំនេះ។ តែការពិតមិនដូចជាការគិតទុកនោះទេ។ ខ្ញុំបានឃើញសៀវភៅនេះនៅនឹងធ្នើរ "New Arrivals" ក្នុងបណ្ណាល័យសាលា។ ភ្លាមនោះខ្ញុំក៏សម្រេចចិត្តថាបន្តអានសៀវភៅនេះមួយក្បាលទៀត។ ហាស! ហាស! ខ្ញុំនេះពិតជាសាវាមែនតែម្ដងហើយ។
សៀវភៅ «មាលតី» នេះមានកម្រាស់ទំព័រតិចជាងសៀវភៅ «ខែតូច» ដែលជាស្នាដៃដំបូងរបស់អ្នកនិពន្ធ ហេង រស្មី នេះដែរ។ សៀវភៅនេះនៅតែបន្តរៀបរាប់ពីប្រធានបទដដែលស្រដៀងគ្នាទៅហ្នឹងសេចក្ដីក្នុងសៀវភៅ «ខែតូច» ដែរ។ មានភាពប្លែកខ្លះ ដោយអ្នកនិពន្ធបានបង្ហាញកាលអាកាសបានច្រើននិងច្បាស់លាស់ជាងមុន។ ជាការកត់សម្គាល់របស់ខ្ញុំ ក្នុងសៀវភៅនេះឃើញមានប្រើពាក្យ «ខ្ញុំ» «អូន» និង «កវី» ក្នុងទំនងដែលអ្នកនិពន្ធហៅតួអង្គខ្លួនឯង។
ជារួម ខ្ញុំនៅតែកោតសរសើរទេពកោសល្យដ៏ល្អវិសេសរបស់អ្នកនិពន្ធវ័យក្មេងរូបនេះ។ មានឃ្លាឃ្លោងខ្លះ ធ្វើឲ្យដក់ជាប់ក្នុងចិត្តរបស់ខ្ញុំ ហើយធ្វើឲ្យខ្ញុំគិតថា អ្នកនិពន្ធរូបនេះពិតជាពូកែរកទំនុកសរសេរណាស់។ អាចនិយាយបានថា ទោះជាឲ្យខ្ញុំដេកគិតបួន-ដប់យប់ ក៏មិនអាចរកនឹងឃើញឃ្លាឃ្លោងដ៏មានអត្ថន័យទាំងនេះដែរ។
អូ! អត្ថបទខ្លះនៅខ្ញុំសៀវភៅនេះ ខ្ញុំមិនអាចសន្និដ្ឋានបានទេថា អ្នកនិពន្ធសរសេរឡើងជាបទអ្វី។ ដំបូង គិតចង់ផ្ញើសារសួរគាត់ដែរ តែមិនចង់រំខានគាត់។ ណ្ហើយ! រក្សាចម្ងល់នេះតទៅទៀតចុះ...។ តាមខ្ញុំគិត អត្ថបទនោះមិនមែនជាសាច់កំណាព្យសុទ្ធនោះទេ ប្រហែលជាទំនុកច្រៀងទៅវិញទេ។
ប៉ុណ្ណឹងចុះ! ទេ! មុននឹងបញ្ចប់ សូមអរគុណបងស្រី Say Tola ដែលបានយកសៀវភៅនេះមកដាក់ក្នុងបណ្ណាល័យ។ សូមអរគុណបងស្រីចំពោះទឹកចិត្តចែករំលែកនេះ។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PL 4328.65 H35 2018



