អ្នកគ្រូ! តើអ្នកគ្រូកំពុងគិតពីអ្វី? ខ្ញុំឆ្ងល់ណាស់! អ្នកគ្រូខឹងនឹងខ្ញុំឬ? ខ្ញុំចង់តែសួរអ្នកគ្រូ... តែខ្ញុំមិនហ៊ានទេ បានត...
ខ្ញុំឆ្ងល់ណាស់! អ្នកគ្រូខឹងនឹងខ្ញុំឬ?
ខ្ញុំចង់តែសួរអ្នកគ្រូ... តែខ្ញុំមិនហ៊ានទេ បានត្រឹមតែគិតប៉ុណ្ណឹង។
អ្នកគ្រូ! ខ្ញុំតែងតែមានអារម្មណ៍ថា អ្នកគ្រូជាមនុស្សម្នាក់ដែលជិតស្និទ្ធនឹងខ្ញុំ។ ពេលខ្លះ ខ្ញុំមានអារម្មណ៍ថា អ្នកគ្រូជាសមាជិកម្នាក់ដែរក្នុងគ្រួសាររបស់ខ្ញុំ។ ខ្ញុំក៏មិនដឹងដែរថា ហេតុអ្វីខ្ញុំមានអារម្មណ៍បែបនេះ?
ខ្ញុំភ័យ... ខ្ញុំខ្លាច... ខ្លាចអ្វីៗនឹងប្រែប្រួល។ ខ្ញុំខ្លាចថ្ងៃណាមួយអ្នកគ្រូប្រែជាស្អប់ខ្ញុំ។ អ្នកគ្រូ! ប្រាប់មកថានឹងមិនស្អប់ខ្ញុំ... សន្យាបានទេថានឹងមិនស្អប់ខ្ញុំ?
អ្នកគ្រូ! បើអ្នកគ្រូខឹងនឹងខ្ញុំ ប្រាប់ខ្ញុំមកឲ្យខ្ញុំបានដឹងផង។ ខ្ញុំមិនចង់ឃើញអ្នកគ្រូជ្រុះបាត់នូវស្នាមញញឹមបែបហ្នឹងទេ។ ខ្ញុំចង់ឃើញស្នាមញញឹមរបស់អ្នកគ្រូ។ សង្ឃឹមថា អ្នកគ្រូប្រាកដជាយល់ពីទឹកចិត្តគោរពស្រលាញ់របស់ខ្ញុំចំពោះអ្នកគ្រូ។
ថ្ងៃដំបូងដែលខ្ញុំផ្ញើសារទៅអ្នកគ្រូ... អ្នកគ្រូនៅចាំទេ? ពេលនោះគឺជាពេលដែលខ្ញុំមានអារម្មណ៍ពិបាកខ្លាំងណាស់, ទុក្ខសោក ឯកោ ដែលពិបាកនឹងពណ៌នា។ ខ្ញុំសរសេរសារផ្ញើទៅអ្នកគ្រូដោយគ្មានខ្វល់ពីអ្វីទាំងអស់ ហាក់ដូចជាអ្នកគ្រូជិតស្និទ្ធនឹងខ្ញុំណាស់អ៊ីចឹង។ ខ្ញុំនិយាយរឿងប្រាប់អ្នកគ្រូជាមួយនឹងអារម្មណ៍ដ៏សែនកក់ក្ដៅ។ ពេលនោះ ខ្ញុំរកគិតអ្វីមិនចេញទេ បែរជានឹកឃើញចង់ផ្ញើសារទៅអ្នកគ្រូទៅវិញ។
អ្នកគ្រូ គ្រាន់តែឃើញសារខ្ញុំភ្លាម តបសារខ្ញុំយ៉ាងប្រញាប់។ អ្នកគ្រូសួរពីនេះពីនោះ យកចិត្តទុកដាក់នឹងខ្ញុំយ៉ាងខ្លាំង។ អ្នកគ្រូនៅតបសាររបស់ខ្ញុំដល់យប់ជ្រៅ។ អ្នកគ្រូបារម្ភពីខ្ញុំ។ អ្នកគ្រូប្រាប់ខ្ញុំថា ខ្ញុំជាមនុស្សរឹងមាំ ខ្ញុំអាចដោះស្រាយបញ្ហាទាំងនោះបាន។ អ្នកគ្រូប្រាប់ខ្ញុំថា ខ្ញុំមិនឯកាទេ ខ្ញុំមានអ្នកគ្រូដែលនៅជួយលើកទឹកចិត្ត។
អ្នកគ្រូដឹងទេថា ពេលនោះខ្ញុំមានអារម្មណ៍យ៉ាងណា? ជីវិតដែលគ្របដោយទុក្ខសោក ត្រូវបានត្រឡប់មកជាស្រស់ញញឹមជាបណ្ដើរៗ។ ខ្ញុំមានអារម្មណ៍កក់ក្ដៅណាស់។ ខ្ញុំប្រាប់ខ្លួនឯងថា ខ្ញុំមិនឯកាទេ។ ខ្ញុំមានអារម្មណ៍ថា អ្នកគ្រូកំពុងអោបខ្ញុំ ហើយស្ដាប់ពាក្យគ្រប់ម៉ាត់ដែលកប់ក្នុងចិត្តខ្ញុំអស់ជាយូរ។ ខ្ញុំសន្យានឹងខ្លួនឯងថា មិនឲ្យអ្នកគ្រូខកសង្ឃឹមនឹងខ្ញុំទេ។ ទីបំផុត ខ្ញុំក៏ធ្វើវាបាន។
អ្នកគ្រូនៅតែបារម្ភពីខ្ញុំ។ អ្នកគ្រូនៅឆ្លៀតផ្ញើវីដេអូកំប្លែងឲ្យខ្ញុំមើល ហើយប្រាប់ឲ្យខ្ញុំញញឹមឡើង។ អ្នកគ្រូជាមនុស្សល្អណាស់!
យប់នេះ អ្នកគ្រូសួរខ្ញុំដូចចម្លែកណាស់។ ខ្ញុំមិនដឹងទេថា អ្នកគ្រូកំពុងគិតអ្វី? ខ្ញុំពិតជាចង់ដឹងណាស់។
អ្នកគ្រូថា អ្នកគ្រូជឿខ្ញុំ។ ខ្ញុំឆ្ងល់ណាស់ថា ហេតុអ្វីត្រូវជឿឬមិនជឿនោះ?
អ្នកគ្រូ! ខ្ញុំចង់តែហោះទៅក្បែរអ្នកគ្រូ ហើយសួរអ្នកគ្រូឲ្យអស់សេចក្ដី។ ខ្ញុំចង់តែរំលាយខ្លួនឲ្យក្លាយជាខ្យល់ រសាត់ទៅក្បែរអ្នកគ្រូ ហើយចាំស្ដាប់មើលថាអ្នកគ្រូកំពុងគិតពីអ្វី...។
អ្នកគ្រូ! ខ្ញុំមិនដឹងថាត្រូវសរសេរអ្វីទៀតទេ...។
អ្នកគ្រូ! ខ្ញុំចង់ឃើញស្នាមញញឹមរបស់អ្នកគ្រូ ចង់ឃើញអ្នកគ្រូសើច...
ដោយសេចក្ដីគោរពស្រលាញ់
រង្សី