$h: Root CSS

$0: Khmer Date Display

ថ្ងៃនេះ ត្រូវនឹង សុរិយគតិ
Today is

$h: Landing $show=home

#RANGSEYhome

Come in, stay awhile.

It looks quiet, but inside isn't — because it's full of stories.

This is just a quiet window into the small corners of my life, personal and professional, with everything in between. Here, you'll find honest stories about growth, wisdom from the pages I've read, and the life I'm living.

This is where words become stories. Stories become meaning. And meaning becomes something worth sharing.

#ផ្ទះរង្សី (ផលព្រឹក្ស)

ចូលមក! អង្គុយលេងផ្ទះខ្ញុំសិន...

វាដូចជាស្ងាត់ តែខាងក្នុងមិនស្ងាត់ទេ ព្រោះវាពេញទៅដោយរឿងរ៉ាវ។

វាគ្រាន់តែជាច្រកដ៏ស្ងប់ស្ងាត់មួយសម្រាប់ចូលមកមើលជ្រុងតូចៗនៃជីវិតខ្ញុំ, ផ្ទាល់ខ្លួនខ្លះ ការងារខ្លះ និងរឿងតូចតាចខ្លះទៀតប៉ុណ្ណោះ។ នៅខាងក្នុង អ្នកនឹងមិនឃើញភាពល្អឥតខ្ចោះទេ តែអ្នកនឹងឃើញរឿងពិតដែលឥតលាក់លៀមអំពីដំណើរនៃការរីកចម្រើន ឬរបៀបដែលខ្ញុំលូតលាស់, ព្រមទាំងគតិបណ្ឌិតពីអ្វីដែលខ្ញុំបានអាន និងពីជីវិតដែលខ្ញុំកំពុងរស់នៅ។

ទីនេះជាកន្លែងដែល ពាក្យក្លាយជារឿងរ៉ាវ។ រឿងរ៉ាវក្លាយជាអត្ថន័យ។ ហើយអត្ថន័យក្លាយជា អ្វីដែលមានតម្លៃក្នុងការចែករំលែក

Rangsey HENG - thoughtful portrait

About Me

Reader • Writer • Advocate
Not titles. Just ways I live.

I read to quiet all the noises and hear the world more clearly. I write to reflect on myself and connect with others. I advocate to confirm the truth, not to be right, just to be real.

I'm Rangsey. For a long time, I was a quiet observer — marking well-loved books and filling notebooks with wisdom like a map for a journey I hadn't yet begun.

Then, a deep curiosity about "What makes a life meaningful?" changed everything. It transformed my silent collection into a living conversation that reached far beyond my desk and into the world.

I read; I write, giving voice to untold stories; I advocate — because I believe that the right words, at the right time, can change everything.

I’m glad you’re here. Let’s explore the answers together.

Learn More About Me

អំពីខ្ញុំ

អ្នកអាន • អ្នកសរសេរ • អ្នកតស៊ូមតិ
វាមិនមែនជាមុខងារទេ តែវាគ្រាន់តែជាវិធីដែលខ្ញុំរស់នៅ។

ខ្ញុំអាន ដើម្បីធ្វើឲ្យសំឡេងទាំងឡាយស្ងប់ស្ងាត់ទៅ ហើយយល់ពីពិភពលោកឲ្យបានកាន់តែច្បាស់។ ខ្ញុំសរសេរ ដើម្បីនៅជាមួយខ្លួនឯង និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ។ ខ្ញុំតស៊ូមតិ ដើម្បីបញ្ជាក់ការពិត; មិនមែនចង់ឈ្នះចាញ់ទេ តែដើម្បីភាពពិតប្រាកដ។

ខ្ញុំឈ្មោះ រង្សី។ ខ្ញុំបានចំណាយពេលជាច្រើនឆ្នាំ ជាអ្នកសង្កេតដ៏ស្ងប់ស្ងាត់ម្នាក់ ប្រមូលចំណេះដឹងដោយកត់ចំណាំតាមទំព័រសៀវភៅដែលខ្ញុំបានអាន និងសរសេរទុកក្នុងសៀវភៅកំណត់ហេតុ ប្រៀបដូចជាការគូសផែនទីសម្រាប់ដំណើរជីវិតមួយដែលខ្ញុំមិនទាន់បានចាប់ផ្តើម។

បន្ទាប់មក ក្តីចង់ដឹងដ៏ជ្រាលជ្រៅថា "តើអ្វីទៅដែលធ្វើឱ្យជីវិតមានន័យ?" បានផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង។ វាបានប្រែក្លាយការងារស្ងប់ស្ងាត់ទាំងនោះទៅជាការសន្ទនាដ៏រស់រវើកមួយ ដែលលាតសន្ធឹងហួសពីតុសរសេររបស់ខ្ញុំ ហើយចូលទៅក្នុងពិភពលោក។

ខ្ញុំអាន; ខ្ញុំសរសេរ លាតត្រដាងរឿងរ៉ាវ; ខ្ញុំតស៊ូមតិ; ពីព្រោះខ្ញុំជឿជាក់ថា ពាក្យពេចន៍ដែលត្រឹមត្រូវ ក្នុងពេលវេលាដ៏សមស្របមួយ អាចផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងបាន។

ខ្ញុំរីករាយដែលអ្នកបានមកលេងផ្ទះរបស់ខ្ញុំនេះ។ យើងនឹងស្វែងរកចម្លើយទាំងនោះជាមួយគ្នា។

ស្វែងយល់បន្ថែមអំពីខ្ញុំ

$h: Reading $show=home

My Reading Journey

Reading Progress

Tracking my reading journey throughout the year

📚 Reading Journey

Goal:
Progress 0%
"

If you don’t like to read, you haven’t found the right book.

"
― J.K Rowling, author of Harry Potter
ដំណើរនៃការអានរបស់ខ្ញុំ

វឌ្ឍនភាពនៃការអាន

តាមដានដំណើរនៃការអានរបស់ខ្ញុំពេញមួយឆ្នាំ

📚 ដំណើរនៃការអាន

គោលដៅ:
វឌ្ឍនភាព 0%
"

ប្រសិនបើអ្នកមិនចូលចិត្តអានទេ នោះមានន័យថាអ្នកមិនទាន់រកឃើញសៀវភៅដែលត្រូវនឹងចិត្តអ្នកនៅឡើយទេ។

"
― J.K Rowling, author of Harry Potter

$h: Links

$h: Ads $show=home

សរសេរ​លេង​... អាន​លេង​ទៅ​អ៊ីចឹង​!

អត្ថបទ​ខាង​ក្រោម​នេះ ជា​អត្ថបទ​ដែល​ខ្ញុំ​សរសេរ​ដាក់​ក្នុង​ទំព័រ អំពីម្ចាស់ប្លក់ ឯណោះ ទេ (តែ​ឥលូវ បាន​កែ​ប្រែ​ហើយ​)។ ប៉ុន្តែ ខ្ញុំ​ចង់​យក​ម...

អត្ថបទ​ខាង​ក្រោម​នេះ ជា​អត្ថបទ​ដែល​ខ្ញុំ​សរសេរ​ដាក់​ក្នុង​ទំព័រ អំពីម្ចាស់ប្លក់ ឯណោះ ទេ (តែ​ឥលូវ បាន​កែ​ប្រែ​ហើយ​)។ ប៉ុន្តែ ខ្ញុំ​ចង់​យក​មក​ចុះ​ផ្សាយ​នៅ​ទីនេះ​ម្ដង​ទៀត ដ្បិតអី​អត្ថបទ​នេះ​មិនមែន​ជា​អត្ថបទ​ផ្លូវ​ការ​និយាយ​ពី​ខ្លួន​របស់​ខ្ញុំ​ទេ។ អត្ថបទ​នេះ​គ្រាន់​តែ​ជា​ការ​រំលឹក​ឡើង​វិញ​នូវ​អារម្មណ៍ មនោសញ្ចេតនា និង​ការ​ចងចាំ​របស់​ខ្ញុំ​កាល​ពី​មុន​តែ​ប៉ុណ្ណោះ។ កាល​បង្កើត​ប្លក់​នេះ​ដំបូង ខ្ញុំ​បាន​រៀប​ចំ​សរសេរ​អំពី លក្ខខណ្ឌប្រើប្រាស់ និង គោលការណ៍ឯកជនភាព ទុក​ចោល​ទទេ ព្រោះ​មិន​ដឹង​ថា​សរសេរ​ពី​អ្វី។ ខ្ញុំ​ទើប​តែ​រៀប​ចំ​សរសេរ​អត្ថបទ​នេះ​កាល​ពី​ម្សិលម្ង៉ៃ ហើយ​បញ្ចប់​នៅ​ល្ងាច​នេះ​ឯង។ ខ្ញុំ​មិន​បាន​សរសេរ​ជាប់​លាប់​ទេ ពេល​ទំនេរ​ក៏​សរសេរ ពេល​រវល់​ក៏​ទុក​ចោល​ទៅ។ ហេតុ​នេះ​ហើយ​ទើប​មាន​ផ្នែក​ខ្លះ អាន​ទៅ​ដូចជា​មាន​អត្ថន័យ​ដាច់ៗ​ពី​គ្នា។


ខ្ញុំ​មិន​ដឹង​ទេ​ថា គួរ​សរសេរ​អ្វី​នៅ​ទីនេះ...! ប្រហែល​ជា​ត្រូវ​អរគុណ​អ្នក ដែល​បាន​ចំណាយ​ពេល​ចូល​មក​លេង​នឹង​កង​ទ័ព​នៃ​តួ​​អក្សរ​ដែល​សរសេរ​រាត់រាយ​គ្មាន​ន័យ​ខ្លឹមសារ​របស់​ខ្ញុំ​ហើយ​មើល៍​ទៅ...។ ដ្បិតអី​ខ្ញុំ​គិត​ថា គ្មាន​អ្នក​ណា​ទំនេរ​ពេក​ដល់​ថ្នាក់​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​គេ​ចូល​មក​អាន​អ្វី​ដែល​អត់​ប្រយោជន៍ គ្មាន​សាច់ការ​បែប​នេះ​ទេ។ ប្រហែល​មាន​តែ​អ្នក​ដែល​ចង់​ស្វែង​យល់​ពី​ខ្ញុំ​ប៉ុណ្ណោះ ដែល​សុខចិត្ត​ទ្រាំ​ចូល​មក​អាន​ទាំង​ដែល​មិន​ទាន់​បាន​សុំ​ការ​អនុញ្ញាត​ពី​ខួរក្បាល​ដ៏​ឆ្លាតវៃ​របស់​គេ។ ឬ​ថា មាន​តែ​មនុស្ស​ដែល​ឆ្កួត​លីលា​នឹង​មនោសញ្ចេតនា​ល្ងង់​ដប់​គត់​ធន់​ខ្ញុំ​នេះ​ទេ ដែល​សុខចិត្ត​ចំណាយ​ពេល​មក​ប្រលែង​លេង​នឹង​កង​ទ័ព​នៃ​ដំណក់​ទឹកខ្មៅ​ដែល​វិលវក់​គ្មាន​វិញ្ញាណ​បែប​នេះ។ ឬ​ក៏​ថា មាន​តែ​មនុស្ស​ដែល​និយម​បើក​ចិត្ត​បើក​បេះដូង​ស្វែងយល់​ពី​អ្នកដទៃ​និង​អ្វីៗ​ជុំវិញ​ខ្លួន​នោះ​ទេ ដែល​សុខ​ចិត្ត​ឆ្លៀត​ពេល​ចូល​មក​អាន​នោះ។ អរគុណ​ចំពោះ​បេះដូង​ដ៏​បរិសុទ្ធ​របស់​អ្នក ដែល​បាន​ផ្ដល់​នូវ​ចន្លោះ​ទំនេរ​ខ្លះ ដើម្បី​ដាក់​រូប​ខ្ញុំ មិន​ថា​ក្នុង​នាម​ជា​អ្វី​នោះ​ទេ ខ្ញុំ​រីករាយ​នឹង​ស្ថិត​នៅ​ក្នុង​បេះដូង​ដ៏​បរិសុទ្ធ​ត្រជាក់​ផ្អែមល្ហែម​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​រាប់អាន​របស់​អ្នក។ អរគុណ​បេះដូង​របស់​អ្នក ដែល​ហ៊ាន​ប្រឆាំង​នឹង​ខួរក្បាល​របស់​អ្នក ដើម្បី​ទទួល​យក​រូប​ខ្ញុំ។

ផ្អាក​រឿង​អរគុណ​ប៉ុណ្ណឹង​សិន​ចុះ! ឥឡូវ មក​និយាយ​រឿង​ប្លក់​នេះ​វិញ​ម្ដង។ ការពិត ខ្ញុំ​ធ្លាប់​បាន​បង្កើត​ប្លក់​មិន​តិច​ទេ​ពី​មុន​មក ហើយ​លុប​ទៅ​វិញ​ក៏​មិន​តិច​ដូច​គ្នា។ ខ្ញុំ​គិត​ថា ប្លក់​នេះ​ជា​ប្លក់​ចុង​ក្រោយ​ហើយ ហើយ​ខ្ញុំ​ក៏​មិន​លុប​ចោល​ទៀត​ដែរ។ ប្លក់​នេះ​បង្កើត​មក​យូរ​ដែរ​ហើយ តែ​ខ្ញុំ​មិន​សូវ​បាន​ចូល​មក​ប្រើ​ទេ។ បាន​ត្រឹម​តែ​ចូល​មក​សរសេរ​ឯកសារ​មេរៀន​ដែល​ធ្លាប់​រៀន​និង​សកម្មភាព​ក្នុង​ពិធី​សំខាន់ៗ ដែល​ខ្ញុំ​បាន​ចូល​រួម​យូរៗ​ម្ដង​ប៉ុណ្ណោះ។ ទើប​តែ​ចុង​ឆ្នាំ​នេះ​ទេ(ខែ​ធ្នូ ២០១៧) ខ្ញុំ​ស្រាប់​តែ​ចង់​ប្ដូរ​ទម្លាប់​នៃ​ការ​រស់​នៅ​ខ្លះ ដោយ​បែរ​មក​ស្នាក់​នៅ​ក្នុង​ផ្ទះ​ចាស់​ដែល​ខ្ញុំ​ធ្លាប់​ទុក​ចោល​អស់​ពេល​ដ៏​យូរ​នេះ​វិញ។ ខ្ញុំ​គ្រាន់តែ​ចង់​នាំ​យក​អារម្មណ៍​និង​មនោសញ្ចេតនា​រាប់​លាន​ជំពូក​របស់​ខ្ញុំ​មក​ទុក​នៅ​ទីនេះ ដើម្បី​បាន​ចូល​មក​លេង​នឹង​ពួក​វា​ម្ដងម្កាល​នៅ​ពេល​ក្រោយ។ លើស​ពី​នេះ ខ្ញុំ​ចង់​រក្សា​នូវ​ស្នាដៃ គំនិត ទស្សនៈ និង​ប្រភព​ធនធាន​នានា ដែល​បម្រើ​ឲ្យ​ការ​កម្សាន្ត​និង​ការ​សិក្សា​អប់រំ ទុក​គ្រាន់​ជា​ការ​រួមចំណែក​ដល់​មនុស្សជាតិ​ទូទៅ ដែល​ស្រេក​ឃ្លាន​នូវ​ចំណេះដឹង​និង​អ្វី​ដែល​ថ្មីៗ។ អាច​និយាយ​បាន​ថា នេះ​ជា​កំណត់ហេតុ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​អារម្មណ៍ មនោសញ្ចេតនា ការ​ចងចាំ និង​អ្វីៗ​ជា​ច្រើន​ទៀត​ដែល​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ពោល​គឺ​អ្វីៗ​ដែល​ខ្ញុំ​ពេញចិត្ត​នឹង​ចែករំលែក​ឲ្យ​អ្នក​ទាំងអស់​គ្នា​បាន​ដឹង។ ក្រៅ​ពី​នេះ ទីនេះ​ក៏​ជា​ឃ្លាំង​ផ្ទុក​នូវ​ឯកសារ​និង​ស្នាដៃ​នានា​របស់​ខ្ញុំ​ផង​ដែរ។ អ្នក​អាច​កម្សាន្ត​ជាមួយ​កំណាព្យ​និង​រឿង​ខ្លីៗ ដែល​ជា​ស្នាដៃ​របស់​ខ្ញុំ​ឬ​របស់​អ្នកនិពន្ធ​ផ្សេងៗ​ទៀត។ លើស​ពី​នេះ​ទៀត ទីនេះ​ក៏​មាន​ផង​ដែរ​នូវ​អត្ថបទ​ដែល​ផ្ដល់​ឲ្យ​អ្នក​នូវ​ចំណេះដឹង គន្លឹះ បទពិសោធន៍ និង​ឯកសារ​ចម្រុះ​ផ្សេងៗ​ជាច្រើន​ទៀត។ ខ្ញុំ​នឹង​ខិតខំ​នាំ​មក​ជូន​អ្នក​នូវ​អត្ថបទ​ជាច្រើន ទាំង​អត្ថបទ​ដែល​បម្រើ​ឲ្យ​ការ​កម្សាន្ត ចំណេះដឹង និង​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ។

អូ! និយាយ​ច្រើន​ដល់​ម្ល៉ឹង អស់​លោក​អ្នក​ខ្លះ ប្រហែល​ជា​មិន​ទាន់​ស្គាល់​ច្បាស់​ថា​ខ្ញុំ​ជា​នរណា​នៅ​ឡើយ​ទេ...។ ខ្ញុំ​ឈ្មោះ ហេង រង្សី (Rangsey HENG) ជា​និស្សិត​ផ្នែក ព័ត៌មានវិទ្យា​ពាណិជ្ជកម្ម (Business Information System, BIS) នៃ​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ដកម្ពុជា (Paññāsāstra University of Cambodia, PUC)។ ការពិត កាល​នៅ​ពី​ក្មេង​ខ្ញុំ​មាន​បំណង​ប្រាថ្នា​ជាច្រើន។ ដោយសារ​មាន​និស្ស័យ​ជា​ក្មេង​មិន​សូវ​ចេះ​មាត់​ក ខ្មាសអៀន និង​ភ័យ​ខ្លាច​ច្រើន អ្នក​ផង​ទាំងឡាយ​តែង​យក​ខ្ញុំ​ធ្វើ​ជា​តួអង្គ​នៃ​ជនរងគ្រោះ ហើយ​ជា​រឿយៗ ខ្ញុំ​ក៏​គិត​ថា​ខ្ញុំ​ជា​ជនរងគ្រោះ​ដែរ។ ជួប​រឿង​ដែល​ត្រូវ​គេ​បំពាន​ច្រើន ខ្ញុំ​តែងតែ​គិត​ដល់​សេចក្ដី​ស្រឡាញ់​និង​ការ​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​សង្គម ក្នុង​នាម​ជា​មនុស្សជាតិ​ដូចគ្នា។ ខ្ញុំ​ចង់​ឃើញ​សង្គម​មួយ​ដែល​ចេះ​ជួយ​គ្នា មាន​សាមគ្គី​ជា​ធ្លុង​មួយ ពោល​គឺ​សង្គម​មួយ​ដែល​ចេះ​ចែក​គ្នា​រស់ មិនមែន​ជា​សង្គម​មួយ​ដែល​ដណ្ដើម​គ្នា​រស់​នោះ​ទេ។ ពេល​ខ្លះ ខ្ញុំ​ក៏​មិន​សូវ​យល់​ដែរ​ថា ហេតុអ្វី​ក៏​ខ្ញុំ​ខុស​ពី​ក្មេង​ដទៃ​អ៊ីចឹង...។ ខ្ញុំ​ចាប់ផ្ដើម​គិត​ពី​បញ្ហា​សង្គម​តាំង​ពី​ខ្ញុំ​នៅ​តូច ផ្ទុយគ្នាស្រឡះ​ពី​ក្មេង​ដទៃ​ដែល​ភាគ​ច្រើន​ពួក​គេ​គិត​តែ​ពី​ភាព​សប្បាយ​រីករាយ​នៃ​កុមារភាព​របស់​ពួក​គេ។ ក្មេង​ខ្លះ​ស្ទើរ​តែ​មិន​ស្គាល់​ផង​ថា​អ្វី​ជា​សង្គម...។ អ្នក​អាច​នឹង​ភ្ញាក់ផ្អើល ពេល​ដែល​ខ្ញុំ​ប្រាប់​អ្នក​ថា​កាល​ពី​ក្មេង​ខ្ញុំ​មាន​បំណង​ប្រាថ្នា​ចង់​ក្លាយ​ជា​ថ្នាក់​ដឹកនាំ​កំពូល​ម្នាក់​នៃ​ប្រទេស​មួយ​នេះ។ វា​គួរ​ឲ្យ​អស់សំណើច​ណាស់​មែន​ទេ ដែល​ក្មេង​មិន​សូវ​ចេះ​មាត់​ក ខ្មាសអៀន និង​ភ័យខ្លាច​ច្រើន​ដូចជា​រូប​ខ្ញុំ បែរ​ជា​មាន​បំណង​ប្រាថ្នា​បែប​នេះ​ទៅ​វិញ។ សម្រាប់​ខ្ញុំ ខ្ញុំ​គិត​ថា​វា​មិន​ចម្លែក​ពេក​នោះ​ទេ ព្រោះ​ខ្ញុំ​គិត​ថា មនុស្ស​ដែល​មាន​និស្ស័យ​បែប​នេះ​តែងតែ​មាន​បំណង​ប្រាថ្នា​ហួស​ពី​ការ​ស្មាន​បែប​ហ្នឹង​ឯង ដ្បិតអី​គេ​បាន​ជួប​រឿង​ជាច្រើន ដែល​អ្នក​ដទៃ​គ្មាន​ឱកាស​បាន​ជួប។ យល់​ថា​អ៊ីចឹង​អត់? ហាស! ហាស! លើក​ទឹកចិត្ត​គ្នា​យើង ដែល​មិន​សូវ​ចេះ​មាត់​ក...។

អ្ហា! នឹក​ឃើញ​រឿង​កាល​ពី​ក្មេង​ដូច​ជា​គ្រាន់​បើ​ណាស់​អ៊ីចឹង។ លុះ​ដល់​កាន់​តែ​ធំ អ្វីៗ​ដែល​ខ្ញុំ​ធ្លាប់​គិត បាន​ជ្រុះ​ធ្លាក់​ទៅ​ក្នុង​លំហ​នៃ​ពេលវេលា​ដ៏​វែង​អន្លាយ​ស្ទើរ​តែ​អស់​បាត់​ទៅ​ហើយ។ គំនិត​និង​បំណង​ប្រាថ្នា​របស់​ខ្ញុំ មិន​បាន​បាត់បង់​ឬ​ប្រែប្រួល​នោះ​ទេ វា​គ្រាន់តែ​ទទួល​យក​ការ​រៀន​សូត្រ​ពី​ពេលវេលា​និង​មជ្ឈដ្ឋាន​ជុំវិញ​ប៉ុណ្ណោះ។ វា​ដូច​ទៅ​នឹង​ឃ្លា​មួយ​ដែល​ខ្ញុំ​និយាយ​ថា <<When I was young, I think so big; but when I grow up, I think smaller.>>។ ហាស! ហាស! មាន​ទៅ​អន់​អី ចេះ​ភាសា​អង់គ្លេស​ប៉ុន្មាន​ម៉ាត់​នឹង​គេ​ដែរ​តើ...។ ចង់​ប្រាប់​ថា អ្នក​កំពុង​អាន​ហ្នឹង​ក៏​មិន​អន់​ដែរ! អូ! ចង់​ស្ដាប់​រឿង​ឆ្កួតៗ​របស់​ខ្ញុំ​អត់​ហ្នឹង? និយាយ​រឿង​ដ៏​សែន​អាម៉ាស់​របស់​ខ្ញុំ​ឲ្យ​ស្ដាប់​មួយ​ទៅ​ចុះ។ ដូច​និយាយ​ខាង​ដើម​អ៊ីចឹង គឺ​ថា​ខ្ញុំ​មាន​និស្ស័យ​ជា​មនុស្ស​មិន​សូវ​ចេះ​មាត់​ក។ តាមពិត ពេល​នៅ​ផ្ទះ​ខ្ញុំ​និយាយ​ជាមួយ​អ្នក​ផ្ទះ​ដូច​គេ​ដូច​ឯង​ដែរ តែ​ពេល​ចេញ​ក្រៅ​ខ្ញុំ​មិន​សូវ​និយាយ​ទេ ពេល​ខ្លះ​មិន​និយាយ​សោះ​តែម្ដង​ក៏​សឹង​មាន។ កាល​ចូល​រៀន​ថ្នាក់​ទី​មួយ លោកគ្រូ​របស់​ខ្ញុំ បាន​មក​សួរ​ម្ដាយ​ខ្ញុំ​ដល់​ផ្ទះ ដើម្បី​ឲ្យ​បាន​ដឹង​ប្រាកដ​ថា​ខ្ញុំ​ជា​មនុស្ស​គ​ឬ​មិនមែន។ ម្ដាយ​ខ្ញុំ​ភ្ញាក់ផ្អើល​ខ្លះ​ដែរ ពេល​ដែល​លោកគ្រូ​របស់​ខ្ញុំ​សួរ​នាំ​បែប​នេះ ដ្បិតអី​ពេល​នៅ​ផ្ទះ​ខ្ញុំ​និយាយ​ធម្មតា​ដូច​គេ​ឯង​សោះ​ហ្នឹង។ ម្ដាយ​ខ្ញុំ​ប្រាប់​ទៅ​គ្រូ​របស់​ខ្ញុំ​ថា ទេ! កូន​ខ្ញុំ​អត់​គ​ទេ...។ តាម​ពិត គ្រូ​ខ្ញុំ​គ្រាន់​តែ​មិន​ប្រាកដ​ក្នុង​ចិត្ត ដ្បិតអី​ខ្ញុំ​អត់​ដែល​និយាយ​អី​សោះ។ គ្រូ​ឲ្យ​សរសេរ​ខ្ញុំ​សរសេរ​បាន តែ​គ្រាន់តែ​ថា​អត់​មាត់​អត់​ក​អី​តែម្ដង។ មួយ​ឆ្នាំ​នៃ​ឆ្នាំ​សិក្សា​ថ្នាក់​ទី​មួយ​របស់​ខ្ញុំ ប្រព្រឹត្តទៅ​ដោយ​បែប​ហ្នឹង​ឯង។ ហាស! ហាស! ជា​លទ្ធផល... ទាយ​មើល៍! លទ្ធផល​វា​យ៉ាងម៉េច? សន្យា​បាន​អត់​ថា​មិន​សើច​ខ្ញុំ? ហាស! ហាស! ជា​លទ្ធផល គ្រូ​ឲ្យ​ខ្ញុំ​រៀន​ត្រួត​ថ្នាក់ គឺ​ឲ្យ​រៀន​ថ្នាក់​ទី​មួយ​ហ្នឹង​ដដែល។ ហាស! បាន​ហើយ បើ​ចង់​សើច​ក៏​សើច​ទៅ​ចុះ ព្រោះ​វា​អាច​ជា​រឿង​គួរ​ឲ្យ​អស់សំណើច​ខ្លះ​ដែរ។ ចំ​មែន​ខ្ញុំ មក​ត្រួត​ថ្នាក់​អី​នៅ​ថ្នាក់​ទី​មួយ​ហ្នឹង​វិញ...! ហួសចិត្ត​តែម្ដង​ហើយ​ខ្ញុំ។ ម្ដាយ​ខ្ញុំ​តែងតែ​រំលឹក​ឡើង​វិញ​នូវ​រឿង​នេះ​ម្ដង​ហើយ​ម្ដង​ទៀត​ប្រាប់​គេ​ឯង។ នេះ​អាច​ជា​សេចក្ដី​សុខ​ខ្លះៗ​របស់​ម្ដាយ​ខ្ញុំ​ដែរ ពេល​ដែល​បាន​រំលឹក​រឿង​អាម៉ាស់​របស់​កូន​ប្រុស​ប្រាប់​គេ​ឯង។ ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ណាស់​ដែរ ព្រោះ​រាល់​ពេល​ដែល​ម្ដាយ​ខ្ញុំ​រំលឹក​រឿង​នេះ​ម្ដងៗ ទឹក​មុខ​ម្ដាយ​ខ្ញុំ​ពេញ​ដោយ​ស្នាម​ញញឹម។ ខ្ញុំ​គិត​ថា​មាន​តែ​ស្នាម​ញញឹម​របស់​ម្ដាយ​ខ្ញុំ​ទេ ដែល​ស្អាត​ជាង​គេ​លើ​លោក​នេះ។

គួរ​និយាយ​ពី​អ្វី​ទៀត...! អូ! ជ្រុល​និយាយ​រឿង​ដ៏​សែន​អាម៉ាស់​ហ្នឹង​ទៅ​ហើយ ឥឡូវ និយាយ​ពី​រឿង​ដំណើរ​ជីវិត​វិលវល់​ប្រកប​ដោយ​ក្ដី​អាម៉ាស់​ហ្នឹង​បន្ត​ទៀត​ចុះ។ កាល​នៅ​បឋម​សិក្សា ខ្ញុំ​មិនមែន​ជា​ក្មេង​ដែល​រៀន​ពូកែ​នោះ​ទេ តែ​ក៏​មិនមែន​ជា​ក្មេង​ដែល​រៀន​អន់​ពេក​នោះ​ដែរ។ ការពិត នៅ​ពេល​នោះ​អត់​មាន​អី​ពិបាក​ផង ពិបាក​តែ​រឿង​ទន្ទេញ​មេ​លេខ​បន្តិច​ប៉ុណ្ណឹង​ឯង។ ខ្ញុំ​គិត​ថា​អ្នក​រាល់​គ្នា​ក៏​គិត​ដូច​ខ្ញុំ​ដែរ​មើល៍​ទៅ! លុះ​ជិត​ចប់​បឋមសិក្សា អ្វី​ដែល​លេច​ធ្លោ​ជាង​គេ​សម្រាប់​ខ្ញុំ គឺ​សមត្ថភាព​នៃ​ការ​សរសេរ​តែង​សេចក្ដី​ហ្នឹង​ឯង។ ខ្ញុំ​ចាំ​ថា​មាន​ពេល​មួយ​នោះ គ្រូ​ឲ្យ​ធ្វើ​កិច្ចការ​ជា​ក្រុម ដោយ​ឲ្យ​សរសេរ​តែង​សេចក្ដី​ពណ៌នា​អំពី​សាលា​រៀន។ ខ្ញុំ​បាន​ឲ្យ​មិត្ត​ខ្ញុំ​ម្នាក់​ដែល​សរសេរ​អក្សរ​បាន​ស្អាត​ជា​អ្នក​សរសេរ ដោយ​មាន​ខ្ញុំ​ជា​អ្នក​បង្គាប់​ឲ្យ​គេ​សរសេរ ដ្បិតអី​អក្សរ​ខ្ញុំ​មិន​សូវ​ស្អាត​ដូច​គេ​ទេ។ បញ្ជាក់​បន្តិច! នៅ​ក្នុង​ក្រុម​ហ្នឹង​សុទ្ធតែ​ស្រីៗ។ កាល​នៅ​ក្មេង ខ្ញុំ​មាន​មិត្តភ័ក្ដិ​ច្រើន​សុទ្ធតែ​ជា​ស្រីៗ។ ពួក​គេ​ចូល​ចិត្ត​ខ្ញុំ​ណាស់។ មិន​ដឹង​យ៉ាង​ម៉េច​ដែរ! កុមារ​ភាព​របស់​ខ្ញុំ​បែរ​ជា​បែប​នេះ​ទៅវិញ។ តាម​ដែល​ចាំ គឺ​ប្រុស​តែ​ពីរ​នាក់​ទេ​ក្នុង​ក្រុម​ខ្ញុំ មិត្ត​ម្នាក់​ដែល​អង្គុយ​តុ​ជាមួយ​ខ្ញុំ​ហើយ​និង​ខ្ញុំ​ហ្នឹង​ឯង។ ចំណែក​ឯ​មិត្ត​ម្នាក់​ដែល​ទទួល​ភារៈ​ជា​អ្នក​សរសេរ​ហ្នឹង​ក៏​ជា​ស្រី​ដែរ។ ហាស! ហាស! និយាយ​ឲ្យ​ត្រង់​ទៅ ខ្ញុំ​ធ្លាប់​លួច​ស្រឡាញ់​នាង​អស់​ប៉ុន្មាន​ឆ្នាំ​ដែរ (តែ​ឥឡូវ នាង​បាន​រៀបការ​បាត់​ទៅ​ហើយ) ហើយ​នៅ​មាន​មិត្ត​ម្នាក់​ទៀត​ដែល​អង្គុយ​តុ​ជាមួយ​នាង ក៏​ខ្ញុំ​ធ្លាប់​លួច​ស្រឡាញ់​ខ្លះ​ដែរ។ យីអើ! ចេះ​លួច​ស្រឡាញ់​គេ​តាំង​ពី​បឋមសិក្សា។ ខ្លាំង​ណាស់​ដែរ​តើ​នេះ...! អូ! កាន់​តែ​វែងឆ្ងាយ​ហើយ...។ បន្ត​និយាយ​ពី​រឿង​សរសេរ​តែង​សេចក្ដី​ហ្នឹង​វិញ​ម្ដង។ ក្រោយ​ពេល​ដែល​លោកគ្រូ​កែ​ហើយ លោក​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ជាមួយ​នឹង​អត្ថបទ​នោះ។ អត្ថបទ​នោះ​វែង​គួរសម​ដែរ ហើយ​ថែម​ទាំង​មាន​សោភ័ណ​ល្អ​វិសេស ដែល​គ្រូ​ខ្ញុំ​អាច​នឹង​គិត​ថា​សិស្ស​ថ្នាក់​ទី​៦ មិន​អាច​សរសេរ​អត្ថបទ​ដ៏​ល្អ​បែប​ហ្នឹង​បាន​ទេ។ មែន​ទៅ​អន់​អី! គឺ​ថា​បាន​ពិន្ទុ​ដប់​លើ​ដប់​តែម្ដង។ គ្រូ​របស់​ខ្ញុំ​នឹក​សង្ស័យ​ថា ពួក​យើង​លួច​បើក​សៀវភៅ​របស់​លោក​មើល ដ្បិតអី​សៀវភៅ​របស់​លោក(សៀវភៅ​សម្រាប់​គ្រូ)មាន​កំណែ​ស្រាប់​អំពី​អត្ថបទ​តែង​សេចក្ដី​នោះ។ ហាស! ហាស! ដឹង​អី​អត្ថបទ​នោះ​គឺ​ជា​អត្ថបទ​ដែល​កើត​ចេញ​ពី​ខួរក្បាល​ដ៏​ឆ្លាតវៃ​និង​មនោសញ្ចេតនា​រាប់​លាន​ជំពូក​របស់​ខ្ញុំ​សោះ។ ហាស! មិនមែន​អួត​ខ្លួន​ឯង​ទេ គ្រាន់តែ​និយាយ​ការពិត​លើក​ទឹកចិត្ត​ខ្លួន​ឯង​ទេ​តើ...។

បន្ត​ទៀត! វា​គួរ​តែ​ដល់​ថ្នាក់​អនុវិទ្យាល័យ​ហើយ។ ខ្ញុំ​គិត​ថា វា​ដូចជា​អត់​សូវ​មាន​អ្វី​ខុស​ពី​គ្នា​ប៉ុន្មាន​ទេ។ មិត្ត​របស់​ខ្ញុំ​ភាគ​ច្រើន​នៅ​តែ​ជា​ស្រីៗ​ដដែល។ ខ្ញុំ​នៅ​តែ​ចាប់ចិត្ត​នឹង​រឿង​សរសេរ​ហ្នឹង​ឯង។ សរសេរ​អត្ថបទ​ឬ​ឆ្លើយ​សំណួរ​ក្នុង​ទម្រង់​ជា​សំណួរ​ទូទៅ ខ្ញុំ​បាន​ពិន្ទុ​ច្រើន​ជាង​គេ​ស្ទើរ​តែ​រាល់​ដង។ ខ្ញុំ​កាន់តែ​ដើរ​ចូល​ជ្រៅ​ទៅ​ក្នុង​មុខវិជ្ជា​ភាសា​ជាតិ​មួយ​នេះ។ ខ្ញុំ​ចាំ​ថា​ថ្វីត្បិតតែ​ខ្ញុំ​ចូល​ចិត្ត​សរសេរ តែ​អក្សរ​របស់​ខ្ញុំ​មិន​ស្អាត​នោះ​ទេ។ ខ្ញុំ​ថា នេះ​មិនមែន​ជា​រឿង​ដែល​ចង្រៃ​ពេក​នោះ​ទេ ដែល​ខ្ញុំ​សរសេរ​អក្សរ​មិន​បាន​ស្អាត​នោះ។ ខ្ញុំ​គ្រាន់តែ​គិត​ថា នេះ​មក​ពី​ខួរក្បាល​និង​មនោសញ្ចេតនា​របស់​ខ្ញុំ​ធ្វើ​ការងារ​លឿន​ពេក​នោះ​ទៅ​វិញ​ទេ គឺ​ថា​លឿន​ពេក​រហូត​ដៃ​របស់​ខ្ញុំ​ធ្វើ​ការ​មិនទាន់ ទើប​ដៃ​របស់​ខ្ញុំ​ត្រូវ​ប្រឹង​រត់​ឲ្យ​បាន​ទាន់​ដោយ​ភ្លេច​គិត​ដល់​ភាព​ផ្ចិតផ្ចង់​ស្អាតបាត​នៃ​ការ​សរសេរ។ ហេតុ​នេះ​ហើយ ទើប​បាន​ជា​អក្សរ​របស់​ខ្ញុំ​មិន​ស្អាត​ហ្នឹង​ឯង។ ហាស! ហាស! ស្ដាប់​ទៅ​គួរ​ឲ្យ​អស់​សំណើច​ណាស់​មែន​ទេ? អាច​អ៊ីចឹង​ដែរ​ហ្នឹង! អូ! មាន​រឿង​គួរ​ឲ្យ​សោកស្ដាយ​មួយ​ដែរ​កាល​ហ្នឹង។ អ្នកគ្រូ​ខ្ញុំ​និយាយ​នៅ​ចំពោះ​មុខ​ខ្ញុំ​ថា ខ្ញុំ​នេះ​មាន​សមត្ថភាព​គួរសម​ដែរ​ក្នុង​ការ​សរសេរ ហើយ​ចំណេះ​ខាង​ផ្នែក​ភាសា​ជាតិ​ក៏​មិន​អន់​ដែរ តែ​ទាស់​ត្រង់​ថា ខ្ញុំ​សរសេរ​អក្សរ​មិន​ស្អាត និយាយ​ឲ្យ​ងាយ​ស្ដាប់​ទៅ គឺ​ថា​អក្សរ​ខ្ញុំ​ពេល​បាន​មើល​ហើយ រកកល់​ក្អួត​តែ​ម្ដង។ អ៊ីចឹង​ហើយ​ទើប​អ្នកគ្រូ​របស់​ខ្ញុំ​សម្រេចចិត្ត​ជ្រើសរើស​មិត្ត​ខ្ញុំ​ម្នាក់​ទៀត​ឲ្យ​ទៅ​ចូលរួម​ប្រឡង​សិស្ស​ពូកែ ដ្បិតអី​សាលា​ខ្ញុំ​មាន​សិស្ស​តិច​ដែរ ដែល​តម្រូវ​ឲ្យ​អ្នក​គ្រូ​ខ្ញុំ​អាច​ជ្រើសរើស​បាន​តែ​សិស្ស​ម្នាក់​ប៉ុណ្ណោះ ដើម្បី​ទៅ​ប្រឡង។ ហាស! អក្សរ​ខ្ញុំ​អើយ​អី​ក៏​អស្ចារ្យ​យ៉ាង​នេះ...! មើល​ហើយ​បែរជា​ធ្វើ​ឲ្យ​គេ​ក្អួត​ចង្អោរ​ទៅ​វិញ។ វា​មិន​អី​នោះ​ទេ ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​ថា​អក្សរ​របស់​ខ្ញុំ​ពិត​ជា​មិន​ស្អាត​អ៊ីចឹង​មែន។ អូ! គួរ​តែ​និយាយ​រឿង​ស្នេហា​កាល​នៅ​អនុវិទ្យាល័យ​បន្ត​ទៀត​ឬ​អត់​ទេ​នេះ...។ ទេ​ដូច​ជា​មិន​គួរ​ទេ! គ្រាន់​តែ​ថា​កាល​ហ្នឹង​មាន​ចិត្ត​លួច​ស្រឡាញ់​មិត្ត​ខ្ញុំ​ប៉ុន្មាន​នាក់​ដែរ គ្រាន់​ជា​ការ​កែ​អផ្សុក​សម្រាប់​មនោសញ្ចេតនា​ដ៏​រប៉ិលរប៉ូច​របស់​ខ្ញុំ​លើ​ផ្លូវ​ជីវិត​ជា​សិស្ស​នៅ​អនុវិទ្យាល័យ។

បន្ត​ដំណើរ​ដល់​ថ្នាក់​វិទ្យាល័យ​វិញ​ម្ដង។ មក​ដល់​ថ្នាក់​វិទ្យាល័យ​នេះ​ក៏​គ្មាន​អ្វី​លេច​ធ្លោ​ច្រើន​ដែរ។ ចរិត​ដែល​មិន​សូវ​ចេះ​និយាយ​ច្រើន នៅ​តែ​មិន​សូវ​និយាយ​ច្រើន​ដដែល។ ម្ដង​នេះ ខ្ញុំ​លែង​សូវ​មាន​មិត្ត​ជិតស្និទ្ធ​ដែល​ជា​ស្រីៗ​ហើយ។ មិន​នឹក​ស្មាន​ថា​ជីវិត​នេះ​ប្រែប្រួល​បែប​ហ្នឹង​សោះ។ ដល់​ថ្នាក់​វិទ្យាល័យ​នេះ ខ្ញុំ​ជ្រើសរើស​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​ពិត។ ពេល​ហ្នឹង​គិត​ថា​រើស​យក​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​ដែរ តែ​កាល​ហ្នឹង​ដូចជា​គ្មាន​សិស្ស​រៀន​ផ្នែក​ហ្នឹង​ផង។ កាល​ហ្នឹង​មាន​សិស្ស​តែ​ប៉ុន្មាន​ថ្នាក់​នេះ​ទេ ថ្នាក់​មួយ​នោះ​សម្បូរណ៍​សុទ្ធ​តែ​សិស្ស​ពូកែ ឯ​ខ្ញុំ​គ្មាន​វាសនា​បាន​រៀន​ថ្នាក់​ហ្នឹង​នឹង​គេ​ទេ។ ខ្ញុំ​កាល​ហ្នឹង​ស្ទើរ​តែ​ក្លាយ​ទៅ​ជា​សិស្ស​ពូកែ​ក្នុង​ចំណោម​សិស្ស​អន់​ទៅ​ហើយ ដ្បិតអី​ថ្វីបើ​ខ្ញុំ​រៀន​មិន​ពូកែ តែ​ក៏​មិន​អាច​ថា​អន់​ពេក​នោះ​ដែរ។ ពេល​មួយ​នោះ ខ្ញុំ​អស់​សំណើច​ជា​ខ្លាំង ដែល​ខ្ញុំ​ប្រឡង​បាន​ពិន្ទុ​ច្រើន​ជាង​គេ​លើ​មុខវិជ្ជា​គីមីវិទ្យា។ ខ្ញុំ​អស់សំណើច​ដែល​មិត្ត​ខ្ញុំ​មួយ​ចំនួន​រៀន​បន្ថែម​ក្រៅ​ម៉ោង​លើ​មុខវិជ្ជា​នេះ បែរ​ជា​ធ្វើ​មិន​បាន​ល្អ​ដូច​ខ្ញុំ​ដែល​មិន​បាន​រៀន​បន្ថែម​ទៅ​វិញ។ ខ្ញុំ​បាន​ពិន្ទុ​ច្រើន​បន្ទាប់​ពី​មិត្ត​ខ្ញុំ​ដែល​អង្គុយ​តុ​ជាមួយ​ខ្ញុំ ដ្បិតអី​ខ្ញុំ​ឲ្យ​គេ​ចម្លង​ពី​ខ្ញុំ។ ពេល​នោះ ខ្ញុំ​ត្រូវ​បាន​ផ្ដល់​កិត្តិយស​ពី​គ្រូ​ឲ្យ​ឡើង​ទៅ​កែ​លំហាត់​ឲ្យ​អ្នក​រាល់​គ្នា​ក្នុង​ថ្នាក់​មើល។ ហាស! ហាស! ទាំង​ទទ្រាក់​ទទ្រើក​ចេះ​តែ​សរសេរ​ហើយ។ ខ្ញុំ​មិន​នឹក​ស្មាន​ថា​ខ្ញុំ​ពូកែ​អ៊ីចឹង​សោះ។ ហាស! អ្នក​អាច​នឹង​គិត​ថា នេះ​ដល់​វគ្គ​ដែល​ខ្ញុំ​អួត​ពី​ខ្លួនឯង​ហើយ​តើ...។ ហ្នឹង​ហើយ វា​ស្រេច​តែ​លើ​អ្នក​គិត​ទៅ​ចុះ! គ្រាន់តែ​ថា ខ្ញុំ​លើក​រឿង​នេះ​មក​ដើម្បី​រំលឹក​អនុស្សាវរីយ៍​ល្អៗ​កាល​ពីមុន ហើយ​ក៏​អាច​ជា​សារ​ប្រាប់​ទៅ​អ្នក​ថា អ្នក​ក៏​ជា​មនុស្ស​ពូកែ​អស្ចារ្យ​ណាស់​ដែរ ប្រសិនបើ​អ្នក​ព្យាយាម​ធ្វើ​អ្វីៗ​ដោយ​យក​ចិត្ត​ទុកដាក់​តែ​បន្តិច​នោះ។ ខ្ញុំ​គ្រាន់តែ​ចង់​ប្រាប់​អ្នក​ថា គ្មាន​អ្វី​ដែល​ពិបាក​ពេក​រហូត​ដល់​មនុស្ស​យើង​ធ្វើ​មិន​បាន​នោះ​ទេ។ ដូច​ជា​ខ្ញុំ​កាល​ហ្នឹង​អ៊ីចឹង ខ្ញុំ​មិន​បាន​រៀន​បន្ថែម​ក្រៅ​ម៉ោង​ក៏​ពិត​មែន តែ​ខ្ញុំ​បាន​យក​ចិត្ត​ទុកដាក់​ខិតខំ​ស្វែងយល់​ពី​លំហាត់​និង​មេរៀន​ដែល​បាន​រៀន។ ខ្ញុំ​យល់​ថា​កាល​ហ្នឹង ខ្ញុំ​មិន​បាន​ខិតខំ​ខ្លាំង​ពេក​នោះ​ទេ តែ​លទ្ធផល​វិញ គឺ​ល្អ​ប្រសើរ​ខ្លាំង​ណាស់។ អ៊ីចឹង​ហើយ ទើប​ខ្ញុំ​មាន​ទស្សនៈ​មួយ​ថា ធ្វើ​អ្វី​ក៏​ដោយ បើ​យើង​ព្យាយាម​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​តែ​បន្តិច​ក៏​ល្មម​ឲ្យ​យើង​ទទួល​បាន​ការ​ចេះដឹង​និង​លទ្ធផល​ល្អ​ប្រសើរ​ណាស់​ទៅ​ហើយ។ ប៉ុន្តែ ជា​រួម ជីវិត​នេះ​ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ដែល​ក្នុង​នោះ​ដែរ ជំហាន​ដំបូង​នៃ​ការ​ចាប់ផ្ដើម​គឺ​ដោយ​គ្រាន់​តែ​ព្យាយាម​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​តែ​បន្តិច​ប៉ុណ្ណោះ​ហ្នឹង​ឯង។ អឺ! សរសេរ​យូរៗ​ទៅ​បែរជា​ទៅ​បញ្ជ្រាប​សារ​ដែល​ជា​ទស្សនៈ​ឆ្កួតលីលា​របស់​ខ្លួន​ឯង​ទៅ​វិញ។ ហាស! ហាស! បន្ត​ទៀត​អ៊ីចឹង។ មក​ដល់​ថ្នាក់​វិទ្យាល័យ​នេះ ខ្ញុំ​មាន​ឱកាស​បាន​ទៅ​ប្រឡង​សិស្ស​ពូកែ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​នឹង​គេ​ដែរ។ វា​ជា​ដំណើរ​លើក​ទី​មួយ​ហើយ ដែល​ខ្ញុំ​ត្រូវ​ដើរ​ផ្លូវ​ឆ្ងាយ​ដោយ​គ្មាន​វត្តមាន​អ្នក​ផ្ទះ​ទៅ​ជាមួយ​នោះ។ កាលនោះ ខ្ញុំ​និង​មិត្ត​ខ្ញុំ​បួន​នាក់​ទៀត មាន​ឱកាស​បាន​ទៅ​ប្រឡង​សិស្ស​ពូកែ​នៅ​ក្រុង​តាខ្មៅ ដោយ​មាន​លោកគ្រូ​ម្នាក់​ទៀត​ជា​អ្នក​ជូន​ពួក​យើង​ទៅ។ មិនបាច់​រៀបរាប់​វែង​ឆ្ងាយ​ពេក​ទេ គួរ​តែ​និយាយ​ពី​លទ្ធផល​តែម្ដង​ទៅ។ សាក​ទាយ​មើល​លទ្ធផល​យ៉ាងម៉េច​វិញ...! មិន​យ៉ាង​ម៉េច​ទេ លទ្ធផល​នោះ គឺ​ថា​ខ្ញុំ​មិន​បាន​ជាប់​ស្អី​នោះ​ទេ។ ការ​បរាជ័យ​កាល​ហ្នឹង វា​បាន​ផ្ដល់​មេរៀន​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ ដើម្បី​បន្ត​ដំណើរ​លើ​ផ្លូវ​នៃ​ជីវិត​ដ៏​ស្រពេចស្រពិល​មួយ​នេះ។ ខ្ញុំ​ទទួល​ស្គាល់​ថា សមត្ថភាព​របស់​ខ្ញុំ​នៅ​មាន​កម្រិត​នៅ​ឡើយ។ ខ្ញុំ​ចាប់ផ្ដើម​គិត​ថា នៅ​មាន​រឿង​ជាច្រើន​ទៀត​ដែល​ខ្ញុំ​ត្រូវ​រៀន​សូត្រ​បន្ថែម។ ជីវិត​ជា​សិស្ស​វិទ្យាល័យ​របស់​ខ្ញុំ ត្រូវ​បញ្ចប់​ជាមួយ​នឹង​លទ្ធផល​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ។ ខ្ញុំ​ទទួល​បាន​និទ្ទេស C។ វា​ជា​រឿង​ដែល​ត្រូវ​ទទួល​ស្គាល់​ថា​និទ្ទេស C នេះ​មិនមែន​បាន​មក​ដោយសារតែ​សមត្ថភាព​ផ្ទាល់ខ្លួន​របស់​ខ្ញុំ​តែ​មួយ​មុខ​គត់​នោះ​ទេ។ ខ្ញុំ​មិន​ខ្មាស​អៀន​ទេ ដែល​និយាយ​បែប​នេះ។

ដឹង​លទ្ធផល​មិន​បាន​ប៉ុន្មាន​សប្ដាហ៍​ផង ខ្ញុំ​ក៏​មក​កាន់​ទីក្រុង​ភ្នំពេញ ដើម្បី​បន្ត​ការសិក្សា។ ឆាក​ល្ខោន​ជីវិត​ខ្ញុំ​ក៏​បន្ត​ដំណើរ​មក​ដល់​វគ្គ​ជា​និស្សិត​សាកលវិទ្យាល័យ​វិញ​ម្ដង។ ខ្ញុំ​មក​ភ្នំពេញ​ដោយ​ស្នាក់នៅ​ជាមួយ​បងស្រី​របស់​ខ្ញុំ។ អាច​និយាយ​បាន​ថា ច្បារអំពៅ (ភូមិ​ឫស្សី​ស្រស់) ជា​ទីកន្លែង​មួយ​ដែល​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ការ​ចងចាំ​និង​អនុស្សាវរីយ៍​ជាច្រើន។ ការ​ផ្លាស់​ប្ដូរ​ជីវិត​មក​រស់​នៅ​លើ​ដី​ក្រុង ជា​វិញ្ញាសា​ថ្មី​មួយ​ទៀត​នៃ​ជីវិត​របស់​ខ្ញុំ។ ឆាកល្ខោន​ជីវិត​ដែល​មិនទាន់​រក​ឃើញ​កន្លែង​ចប់​មួយ​នេះ​បង្កប់​ទៅ​ដោយ​មនោសញ្ចេតនា​ស្នេហា​ដ៏​ផុយ​ស្រួយ​និង​បញ្ហា​ជីវិត​ដ៏​សែន​ស្មុគស្មាញ។ ឱ! ភ្នំពេញ​អើយ អ្នក​ជា​ចំណុច​ចាប់ផ្ដើម​នៃ​ស្នេហា​ថ្មី​របស់​ខ្ញុំ​លើ​ដី​ក្រុង​ដ៏​ធំ​ល្វឹងល្វើយ​មួយ​នេះ​ហើយ។ ហាស! ហាស! បើ​មាន​ពេល​ទំនេរ ចាំ​ខ្ញុំ​និយាយ​ពី​រឿង​មនោសញ្ចេតនា​ឆ្កួត​ឡប់​អស់​ហ្នឹង​ឲ្យ​ស្ដាប់។ ទប់អារម្មណ៍​សិន... និយាយ​ពី​ជីវិត​នៅ​សាកលវិទ្យាល័យ​បន្ត​ទៀត។ ខ្ញុំ​ចាប់​ឈាន​ជើង​ចូល​សាកលវិទ្យាល័យ​មួយ​នេះ​នៅ​ចុង​ឆ្នាំ​២០១២ (០៥ តុលា)។ ខ្ញុំ​ចំណាយ​ពេល​ចូល​រៀន​ថ្នាក់​ភាសា​អង់គ្លេស​អស់​ពេល​យូរ​គួរសម​ដែរ (០៥ តុលា ២០១២ - ៣០ មករា ២០១៤) ព្រោះ​នេះ​ជា​តម្រូវការ​របស់​សាលា ដើម្បី​បាន​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ។ ថ្នាក់​ភាសា​អង់គ្លេស​ទាំង​បួន​កម្រិត ខ្ញុំ​សុទ្ធតែ​ទទួល​បាន​និទ្ទេស A ទាំង​អស់។ ខ្ញុំ​នៅ​តែ​សរសើរ​ខ្លួនឯង​ដែល​មាន​សមត្ថភាព​អាច​រៀន​បាន​លទ្ធផល​ល្អ​ប្រសើរ​បែបនេះ។ នេះ​ប្រហែល​មក​ពី​ខ្ញុំ​មាន​មូលដ្ឋាន​ផ្នែក​ខាង​ភាសា​ជាតិ​រឹងមាំ​ហើយ ទើប​បាន​ជា​ទទួល​បាន​លទ្ធផល​បែប​នេះ។ រៀន​ចប់​ថ្នាក់​ភាសា​អង់គ្លេស​នេះ ទើប​ខ្ញុំ​អាច​បន្ត​ថ្នាក់​បរិញ្ញាបត្រ (២៦ កុម្ភៈ ២០១៤)។ ខ្ញុំ​នៅ​តែ​គិត​ថា ជីវិត​នៅ​សាកលវិទ្យាល័យ​លើ​ដី​ក្រុង​ថ្មី​មួយ​នេះ ជា​ដំណើរ​ជីវិត​មួយ​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន។ គ្រា​ដំបូងៗ​នៃ​ឆាក​ល្ខោន​ជីវិត​មួយ​នេះ វា​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ភាព​សប្បាយរីករាយ​ជាច្រើន។ កាល​នោះ អ្វី​គ្រប់​យ៉ាង​សុទ្ធ​តែ​ជា​រឿង​ថ្មី​សម្រាប់​ខ្ញុំ។ រឿង​ដែល​សប្បាយ​បំផុត​សម្រាប់​ខ្ញុំ​នៅ​ពេល​នោះ គឺ​ការ​បាន​រាប់​អាន​មិត្ត​ថ្មីៗ​ជាច្រើន។ ខ្ញុំ​មាន​មិត្ត​ជាច្រើន ហើយ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ចូលចិត្ត​ខ្ញុំ​ជា​ខ្លាំង។ ខ្ញុំ​មិន​ចូលចិត្ត​និយាយ​ស្ដី​ច្រើន​ក៏​ពិត​ហើយ តែ​ខ្ញុំ​នៅ​តែ​មាន​វិធី​របស់​ខ្ញុំ​ក្នុង​ការ​រាប់អាន​មិត្តភ័ក្ដិ។ តើ​មាន​មិត្ត​ក្នុង​ថ្នាក់​ម្នាក់​ណា​ដែល​ខ្ញុំ​មិន​ស្គាល់! បើ​មិន​បាន​ស្គាល់​លេខ​ទូរស័ព្ទ យ៉ាង​ហោច​ណាស់​ក៏​ស្គាល់ ហ្វេសប៊ុក ដែរ។ នៅ​ក្នុង​ថ្នាក់ ខ្ញុំ​មាន​ត្រឹម​តែ​ស្នាម​ញញឹម​ប៉ុណ្ណោះ​ឲ្យ​ពួក​គេ។ ខ្ញុំ​តែង​តែ​ផ្ញើ​សារ​ឲ្យ​មិត្ត​ខ្ញុំ នៅ​ពេល​ដែល​មិន​ឃើញ​មិត្ត​ណា​ម្នាក់​មក​រៀន។ ខ្ញុំ​តែង​សម្ដែង​ក្ដី​បារម្ភ​ចំពោះ​ពួក​គេ ហាក់បីដូចជា​ខ្ញុំ​ជា​សមាជិក​ម្នាក់​នៅ​ក្នុង​គ្រួសារ​របស់​គេ​អ៊ីចឹង។ ខ្ញុំ​តែង​ប្រាប់​គេ​ពី​អ្វីៗ​ដែល​សម្រាប់​រៀន​នៅ​ថ្ងៃ​បន្ទាប់ ឬ​ការងារ​ដែល​គ្រូ​បាន​ដាក់​ឲ្យ។ ពេល​មាន​កិច្ចការ​ដែល​គ្រូ​ដាក់​ឲ្យ​ធ្វើ ខ្ញុំ​តែង​ចែករំលែក​នូវ​ចម្លើយ​ទៅ​ឲ្យ​ពួក​គេ។ ខ្ញុំ​នៅ​តែ​ចងចាំ​ពី​អារម្មណ៍​របស់​ខ្ញុំ នៅ​ពេល​ដែល​មិត្ត​ខ្ញុំ​ហៅ​ទូរស័ព្ទ​មក ឬ​ផ្ញើ​សារ​មក​សួរ​ថា តើ​ធ្វើ​កិច្ចការ​ដែល​គ្រូ​ដាក់​ឲ្យ​ធ្វើ​ហើយ​ឬ​នៅ...។ សភាព​ពេល​នោះ វា​ផ្ទុយ​គ្នា​ស្រឡះ​ពី​ពេល​នេះ។ និយាយ​ឲ្យ​អ្នក​សើច​បន្តិច​ចុះ ការ​ហៅ​ទូរស័ព្ទ​ពី​មិត្ត​ខ្ញុំ​នៅ​មាន​តិចតួច​ណាស់ បើ​ជា​សារ​វិញ​គ្មាន​អ្វី​ក្រៅ​ពី​សារ​របស់​ក្រុមហ៊ុន​ដែល​គេ​ផ្សព្វផ្សាយ​ពី​ពាណិជ្ជកម្ម​របស់​គេ​ទេ។ ហាស! វា​មិន​ដូច​ពីមុន​ឡើយ ដែល​សារ​ដែល​ខ្ញុំ​ទទួល​បាន​សុទ្ធតែ​ជា​សារ​ជូនពរ និង​ការ​សាកសួរ​សុខទុក្ខ ឬ​ស្វែង​រក​ជំនួយ​ពី​ខ្ញុំ។ ណ្ហើយ! វា​នៅ​តែ​ជា​រឿង​ដែល​ត្រូវ​ទទួល​យក។ អូ! មិន​ដឹង​ជា​យ៉ាង​ម៉េច​បាន​ជា​ចេះ​តែ​និយាយ​បែក​អូរ​ហូរ​ស្ទឹង​ឃ្លាត​ពី​ប្រធានបទ​យ៉ាង​ហ្នឹង...។ តាមពិត ពេល​ចូល​រៀន​ដំបូង​ខ្ញុំ​ជ្រើសរើស​រៀន​ជំនាញ រដ្ឋបាល​ពាណិជ្ជកម្ម (Business Administration, BA)។ លុះ​ដល់​រៀន​បាន​ជិត​ពីរ​ឆ្នាំ ខ្ញុំ​ដូរ​មក​រៀន ព័ត៌មានវិទ្យា​ពាណិជ្ជកម្ម (Business Information System, BIS) វិញ។ ដូរ​មក​រៀន​ជំនាញ​ហ្នឹង​ដំបូង​ពិបាក​ដែរ។ ដូរ​បាន​មួយ​ឆមាស​ដំបូង ខ្ញុំ​ស្ទើរតែ​ទ្រាំ​មិន​បាន ព្រោះ​ដាច់​យប់​សឹងតែ​រាល់​យប់​ដើម្បី​ធ្វើ​ការងារ​ដែល​គ្រូ​ដាក់​ឲ្យ។ ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​ជម្នះ​ការ​លំបាក​មិន​រួញរា ខ្ញុំ​ក៏​បន្ត​រៀន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ រៀន​ជំនាញ​នេះ​យូរ​ទៅ​ក៏​ធ្លាប់​បាត់​ទៅ​ហើយ អា​រឿង​ដាច់​យប់​ហ្នឹង។ ពេល​ខ្លះ នៅ​ដល់​យប់​ណា​យប់​ណី​ហើយ​នៅ​តែ​ធ្វើ​មិន​ចេញ។ ជួនកាល ធ្លាយ​ដល់​ក្នុង​យល់​សប្ដិ​ទៀត​ក៏​មាន។ តែ​គិតៗ​ទៅ នៅ​តែ​សរសើរ​ខ្លួន​ឯង​ទៀត​ហើយ ដែល​រៀន​ទៅ​យល់​បាន​ច្រើន។ ហាស! ហាស! ជិះ​ចង្អេរ​លើក​ខ្លួន​ឯង​ទៀត​ហើយ​ខ្ញុំ។ នៅ​ពេល​ដែល​មាន​គេ​សរសើរ​ខ្ញុំ​ថា​ខ្ញុំ​ឆ្លាត ឬ​ថា​ខ្ញុំ​មាន​សមត្ថភាព​អាច​ធ្វើ​ការងារ​ដែល​គ្រូ​ដាក់​ឲ្យ​បាន​ល្អ​ប្រសើរ ខ្ញុំ​តែង​គិត​ក្នុង​ចិត្ត​ថា មិនមែន​មាន​តែ​ខ្ញុំ​ទេ​ដែល​ឆ្លាត មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ឆ្លាត។ ខ្ញុំ​គិត​ថា​មិន​ត្រូវ​យក​រឿង​ឆ្លាត​ឬ​មិន​ឆ្លាត​មក​ធ្វើ​ជា​រនាំង​នៃ​ការ​សិក្សា​រៀន​សូត្រ​ទេ។ ខ្ញុំ​យល់​ថា ខ្ញុំ​អាច​ធ្វើ​កិច្ចការ​ទាំង​នោះ​បាន​ល្អ ក៏​ព្រោះ​ខ្ញុំ​បាន​ចំណាយ​ពេល​ជាមួយ​រឿង​ទាំង​នោះ​ច្រើន​ជាង​អ្នក​ឯ​ទៀត​ហ្នឹង​ឯង។ ចូរ​មាន​សុទិដ្ឋិនិយម ហើយ​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ពោល​គឺ​ស្រឡាញ់​និង​យកចិត្តទុកដាក់​នូវ​អ្វី​ដែល​យើង​កំពុង​ធ្វើ។

ខ្ញុំ​មិន​ដឹង​ថា​គួរ​និយាយ​អ្វី​ខ្លះ​ទៀត​ទេ ពី​ខ្លួន​របស់​ខ្ញុំ។ ខ្ញុំ​គិត​ថា​បើ​អ្នក​ចង់​ស្វែងយល់​ពី​ខ្ញុំ​ឲ្យ​បាន​ច្រើន មាន​វិធី​ល្អ​តែ​មួយ​គត់ គឺ​ទៅ​សួរ​ម្ដាយ​របស់​ខ្ញុំ។ ហាស! ហាស! មិនមែន​និយាយ​លេង​ទេ​ណា សួរ​ម្ដាយ​ខ្ញុំ​ទៅ​នឹង​ដឹង​ហើយ។ ឥឡូវ ដឹង​ត្រឹម​តែ​ថា ខ្ញុំ​ជា​មនុស្ស​ដែល​ពិបាក​យល់​ប៉ុណ្ណឹង​សិន​ទៅ​បាន​ហើយ។

សរសេរ​ប៉ុណ្ណឹង​ចុះ! ប្រហែល​អ្នក​អាន​ធុញ​ណាស់​ហើយ។ តាមពិត កាល​ពី​ដំបូង​ប្រុង​សរសេរ​ពី​ខ្លួនឯង​ក្នុង​ទម្រង់​អត្ថបទ​ផ្លូវការ​ដែរ តែ​មិន​ដឹង​យ៉ាង​ម៉េច​ក៏​ចេះ​តែ​ធ្លាយ​ដល់​រឿង​លេង​សើច​ឥត​ប្រយោជន៍​ទៅ​វិញ។ តែ​មិន​អី​ទេ បែប​ហ្នឹង​ក៏​ល្អ​ដែរ ដ្បិតអី​ការ​លេង​សើច​ក៏​ជា​អត្តចរិត​ដ៏​អាថ៌កំបាំង​មួយ​របស់​ខ្ញុំ​ក្នុង​ចំណោម​អត្តចរិត​ជា​ច្រើន​ទៀត​ដែល​ខ្ញុំ​មាន។ ចុង​ក្រោយ ខ្ញុំ​នៅ​តែ​អរគុណ​អ្នក​ទាំង​អស់​គ្នា ដែល​បាន​ចំណាយ​ពេល​ចូល​មក​លេង​ផ្ទះ​របស់​ខ្ញុំ។ ផ្ទះ​របស់​ខ្ញុំ គ្មាន​ទ្វារ​របង​ព្រំដែន​អ្វី​នោះ​ទេ។ អ្នក​អាច​ចូល​មក​លេង​បាន​គ្រប់​ពេល​វេលា។ ផ្ទះ​ដ៏​ធំ​ល្វឹងល្វើយ​ពេញ​ប្រៀប​ដោយ​មនោសញ្ចេតនា អនុស្សាវរីយ៍ ការ​ចងចាំ និង​អារម្មណ៍​រាប់​លាន​ជំពូក​មួយ​នេះ ស្វាគមន៍​អ្នក​ជានិច្ច​ដោយ​ក្ដី​សោមនស្ស​រីករាយ​ជាទីបំផុត។

ដោយ​សេចក្ដី​គោរព​ស្រឡាញ់​ពី​ខ្ញុំ
ហេង-រង្សី

$0: Clean label display

$0: Reminder

Reminder

Thank you for visiting our website and engaging with our content. We want to remind you that all content on this website, including text, images, videos, and other materials, is protected by copyright laws. Reproducing, copying, or distributing any of our content without permission is prohibited.

We ask that you respect our intellectual property rights and refrain from any unauthorized use of our content. If you would like to use any of our content for commercial or non-commercial purposes, please contact us to request permission.

Read more
សេចក្តីរម្លឹក

អត្ថបទចុះផ្សាយ មិនត្រូវបានផ្ដល់ឲ្យប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិឡើយ។ ការក្លែងបន្លំ លួចយក ឬប្រើប្រាស់ធនធាននៃម្ចាស់កម្មសិទ្ធិដោយរំលោភ ជាអំពើខុសទាំងសីលធម៌និងច្បាប់សង្គម។

អានបន្ថែម

$0: Copy Share URL

$0: Blogger Profile

Loaded All Posts Not found any posts VIEW ALL Read more Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU Show posts in ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Codes or Texts Select All Codes or Texts All codes or texts were copied to your clipboard Can not copy the codes or texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Contents